ខេត្តកំពង់ធំ ៖ ស្របពេលដែលពិធីបុណ្យប្រពៃណីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ គៀកជិតមកដល់, អាជ្ញាធរខេត្តកំពង់ធំ ចេញសេចក្តីជូនដំណឹងផ្អាកជាបណ្តុះអាសន្នចំនួន០៩ថ្ងៃ ចាប់ពីថ្ងៃ១០ រហូតដល់ទី១៩ ខែមេសា ឆ្នាំ២០២១ លើការលក់ដូរតាមភោជនីយដ្ឋាន អាហារដ្ឋាន និងកន្លែងលក់ដូរ នៅតាមរមនីយដ្ឋានផ្សេងៗ ដែលនាំឲ្យមានការជួយជុំ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ទៅកាន់សហគមន៍។
រដ្នបាលខេត្តកំពង់ធំសម្រេចចេញសេចក្តីជូនដំណឹងផ្អាកជាបណ្តុះអាសន្នរយៈពេល០៩ថ្ងៃ គិតចាប់បីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្នុងភូមិសាស្រ្តខេត្តកំពង់ធំ។ ការផ្អាកជាបណ្តុះអាសន្នរយៈពេល០៩ថ្ងៃនេះ គឺត្រូវផ្អាកជាបណ្តុះអាសន្នសកម្មភាពអាជីវកម្ម ចំពោះអាហារដ្ឋាន ភោជនីយដ្ឋាន ហាងកាហ្វេ ហាងភេសជ្ជៈ និងភោជនីយដ្ឋាននៅតាមសណ្ឋាគារ ប៉ុន្តែអាចលក់អាហារវេចខ្ចប់បាន រមនីយដ្ឋានធម្មជាតិ រមនីយដ្ឋានប្រវត្តិសាស្រ្ត រមនីយដ្ឋានកែច្នៃ ត្រូវរៀបចំកម្លាំងត្រួតពិនិត្យមិនឲ្យមានការជួបជុំកំសាន្ត ទទួលទានគ្រឿងស្រវឹងដែលបណ្តាលឲ្យមានការប្រមូលផ្តុំគ្នា លើកលែងជួយជុំក្នុងចំណោមសមាជិកក្នុងលំនៅឋានតែមួយ និងទប់ស្កាត់ការដឹកជញ្ជូនចំនួនមនុស្សច្រើនជាដើម។ ទន្ទឹមជាមួយគ្នានេះ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ អនុវត្តន៍ព្រមគ្នាដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ទៅក្នុងសហគមន៍របស់ខ្លួនឲ្យខានតែបាន។
ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ មានប្រសាសន៏ថា ការចូលរួមអនុវត្តន៍ព្រមគ្នា ក្នុងការថែរក្សាអនាម័យ និងវិធានការ បីកុំ បីការពារ របស់រាជរដ្ឋាភិបាល ក្នុងការរស់នៅប្រចាំថ្ងៃ ពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រជាតិខ្មែរដែលនឹងឈានមកដល់នៅថ្ងៃទី១៤, ១៥, និងទី១៦ ខែមេសា ឆ្នាំ២០២១ ខាងមុខនេះ គឺជាវិធានការដ៏មានប្រសិទ្ធភាព ក្នុងការទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ ពីប្រជាពលរដ្ឋម្នាក់ទៅកាន់ម្នាក់ទៀត ដែលនាំឲ្យមានករណីផ្ទុះឡើងជំងឺកូវីដ១៩ ទៅក្នុងសហគមន៍៕