ខេត្តពោធិ៍សាត់ ៖ នៅវេលាម៉ោង៦ និង៣០នាទី ព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ ត្រង់ចំណុចស្ពានជ័យជំនះ ស្ថិតនៅភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ឈើមូលប្រភេទប្រណិត(ក្រញូង)ដែលគេដឹកជញ្ជូនតាមរយៈរថយន្ត១គ្រឿង ត្រូវបានសមត្ថកិច្ចសហការបង្ក្រាប រួមទាំងឃាត់ខ្លួនតៃកុង និងបក្ខពួកសរុប៤នាក់ ដើម្បីប្រគល់ជូនមន្ត្រីបរិស្ថានចាត់ការបន្ត ។
មន្ត្រីនគរបាលស្រុកដដែលបន្តទៀតថា ក្នុងនោះកម្លាំងសហការឃាត់ខ្លួនជនជាប់ពាក់ព័ន្ធចំនួន៤នាក់ ទី-១ យឿន យាង ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ(ជាអ្នកបើកបរ និងជាម្ចាស់រថយន្ត) ទី-២ ឈ្មោះ ថូ ឡាន់ធន ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ(រួមដំណើរ)ទី-៣ ឈ្មោះ សៀង ភ័ក្រត្រា ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ(រួមដំណើរ)និងទី-៤ ឈ្មោះ ធឿន បារាំង ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ(រួមដំណើរ)បច្ចុប្បន្ន អ្នកទាំងចំនួន៤នាក់ មានទីលំនៅភូមិគល់ទទឹង ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
ប្រភពដដែលបញ្ជាក់បន្ថែមថា ជនសង្ស័យទាំងចំនួន៤នាក់ រួមទាំងវត្ថុតាងឈើមូលប្រភេទប្រណិត(ក្រញូង)ទាំងអស់ និងមធ្យោបាយដឹកជញ្ជូនរថយន្ត១គ្រឿង បានប្រគល់ជូនមន្ត្រីបរិស្ថានចាត់ការបន្ត នៅរសៀលថ្ងៃខែដដែលនេះ ៕