អន្តរជាតិ ៖ អាជ្ញាធរអ៊ីរ៉ង់ថា ខ្លួនបានចាប់ខ្លួនមនុស្សម្នាក់ដែលបានថតវីដេអូបង្ហាញពីយន្តហោះដឹកអ្នកដំណើរអ៊ុយក្រែនដែលត្រូវបានបាញ់ទម្លាក់ដោយមីស៊ីល។នេះបើយោងតាមប្រភពពី BBC ។
ជនសង្ស័យត្រូវបានគេជឿនឹងប្រឈមការចោទប្រកាន់ទាក់ទងនឹងសន្តិសុខជាតិ។ ជើងយន្តហោះ Flight PS752 ត្រូវបានទម្លាក់នៅទីក្រុងតេអេរ៉ង់ កាលពីថ្ងៃពុធសប្តាហ៍មុនដោយបានសម្លាប់មនុស្សទាំងអស់នៅលើយន្តហោះចំនួន ១៧៦ នាក់។
ក្រោយពេលមានសោកនាដកម្មនេះកើតឡើង មេដឹកនាំអ៊ីរ៉ងបានប្រកាសសុំទោស ដោយលើកឡើងថា យន្តហោះនោះត្រូវបានបាញ់ទម្លាក់ដោយអចេតនា និងបានប្រកាសចាប់ខ្លួនមនុស្សជាច្រើននាក់ ពាក់ព័ន្ធនឹងហេតុការណ៍នោះ។
ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani បានថ្លែងថា ការស៊ើបអង្កេតនឹងត្រូវគ្រប់គ្រងដោយតុលាការពិសេស។ លោកបាននិយាយនៅក្នុងសុន្ទរកថាមួយថា “នេះនឹងមិនមែនជាករណីធម្មតាដូចមុនៗឡើយ។ ពិភពលោកទាំងមូលនឹងតាមដានតុលាការនេះ”។ លោក Rouhani ក៏បានសង្កត់ធ្ងន់ថា“សោកនាដកម្មនោះកើតឡើងមិនមែនដោយសារតែមនុស្សម្នាក់នោះទេ ប៉ុន្តែវាកើតឡើងដោយសារតែមានភាគីខ្លះទៀត ដែលក្នុងន័យនេះគឺចង់សំដៅទៅដល់អាមេរិក៕