រាជធានីភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានថ្លែងថា ក្រសួងនឹងសាងសង់អគារ ព្យាបាលជំងឺកូវីដ-១៩ មួយខ្នងទៀត មានកម្ពស់២ជាន់ ស្ថិតនៅជាប់មណ្ឌលសុខភាពជ្រោយចង្វារ ។ លោកថា ការសាងសង់អគារនេះ ជាការអនុវត្តន៍តបភ្លាមៗតាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ដ្រីកម្ពុជា ដែលណែនាំឱ្យក្រសួងត្រៀមលក្ខណៈសម្បត្តិឆ្លើយតបក្នុងករណីផ្ទុះរាតត្បាតទ្រង់ទ្រាយធំណាមួយកើតឡើង។
ការថ្លែងបែបនោះធ្វើឡើងក្នុងឱកាសដែលលោករដ្ឋមន្ត្រីចុះពិនិត្យទីតាំងមន្ទីរពេទ្យចំនួនពីរ គឺមន្ទីរពេទ្យបង្អែកចតុមុខ និងមណ្ឌលសុខភាពជ្រោយចង្វារ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០នេះ។
លោករដ្ឋមន្ដ្រីបញ្ជាក់ថា បច្ចុប្បន្ននេះ យើងមានទីតាំងព្យាបាលជំងឺកូវីដ-១៩ ចំនួន៣ គឺនៅមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត, មណ្ឌលសុខភាពចាក់អង្រែ និងមជ្ឈមណ្ឌលកំចាត់មេរោគរបេង និងហង់សិន។
គួរម្លឹកថា ការសាងសង់អគារថ្មី ដើម្បីព្យាបាលជំងឺកូវីដ១៩នេះ ធ្វើឡើងបន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំដល់អាជ្ញាធរ រាជធានី ខេត្ត និងក្រសួងសុខាភិបាល ដើម្បីជ្រើសរើសរកទីតាំងណាមួយ ធ្វើជាកន្លែងសម្រាប់ធ្វើចត្តាឡីស័ក និងព្យាបាលជំងឺកូវីដ-១៩ ៕