ខេត្តកំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី 17 ខែធ្នូឆ្នាំ 2020 ស្នងការនគរបាលខេត្តកំពង់ឆ្នាំងនិងអាជ្ញាធរខេត្ត បានរៀបចំពិធីបំផ្លាញចោលស្រាស ស្រាថ្នាំនិងមេស្រាដែលប្រមូលបានតាមតូបលក់ដូរស្រាសស្រាថ្នាំ និងនៅតាមសិប្បកម្មផលិតស្រាស មេស្រា នៅទូទាំងខេត្ត បានរាប់រយកាន ក្រោយពេលមានផ្ទុះករណីពុលស្រាដែលបង្ករឱ្យមនុស្សប្រុសស្រីស្លាប់ និងមានអាការៈពុលធ្ងន់ និងស្រាលកាលពីពេលកន្លងទៅនោះ។
ពិធីនេះប្រារព្ធធ្វើឡើងនៅជាប់ពន្ធនាគារថ្មីក្នុងភូមិត្រពាំងតាសុខក្នុងឃុំព្រៃមូលស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត។
គួររំលឹកថា កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅភូមិក្រោយវត្តក្នុងឃុំខ្លុងពពក ស្រុកទឹកផុស បានកើតមានករណីពុលស្រាស បង្ករឱ្យមានមនុស្សប្រុស ស្រីស្លាប់ចំនួន ០៨នាក់ និងមានអាការៈពុលធ្ងន់ និងស្រាល ជាង
១០០នាក់ បានដឹកមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង និងយកទៅសង្គ្រោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញផងដែរ។ ចំពោះស្រាដែលប្រជាពលរដ្ឋផឹកនោះត្រូវបានស្ថាប័នជំនាញបញ្ជាក់ថា មានមេតាណុលកម្រិតខ្ពស់និងការផលិតខុសបច្ចេកទេសដែលធ្វើឲ្យការផលិតស្រាគ្មានគុណភាព ៕