ខេត្តសៀមរាប ៖ ស្ត្រីវ័យជិត២០ឆ្នាំម្នាក់ បានរងការវាយសម្លាប់នឹងដុំថ្ម ពីជនសង្ស័យដៃដល់ រីឯអំពើឃាតកម្មនេះ ត្រូវសមត្ថកិច្ចអះអាងថា ប្តីស្រ្តីរងគ្រោះ គឺជាឃាតករ។ ហេតុការណ៍នេះ បានកើតឡើងនៅម៉ោង ៩ និង៣០នាទីយប់ ថ្ងៃទី១៩ធ្នូឆ្នាំ២០២០ នៅចំណុចផ្ទះកម្មករស្នាក់នៅ ក្រុម២៧ ស្ថិតនៅក្នុងភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
សមត្ថកិច្ចខេត្តសៀមរាប បានឲ្យដឹងថា ករណីឃាតកម្មនេះ បង្កឡើងដោយបុរសជាប្ដី មានឈ្មោះ ផេន ធាន អាយុ ៣៦ឆ្នាំ ជាកម្មករសំណង់ ទីកន្លែងកំណើត នៅខេត្តកំពង់ចាម បានធ្វើសកម្មភាព យកដុំថ្មវាយទៅលើ ជនរងគ្រោះ ឈ្មោះ ស៊ឹម សម្ព័ស ភេទស្រី អាយុ១៩ឆ្នាំ (បណ្តាលអោយស្លាប់) ជាកម្មករសំណង់ ត្រូវជាប្រពន្ធជនដៃដល់ មានទីកន្លែងកំណើត ភូមិថ្មសិន សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុ បានផ្តើមចេញពីការទំនាស់គ្នា រវាងប្តី និងប្រពន្ធ ហើយបើតាមការពិនិត្យពីសមត្ថកិច្ចនគរបាលជំនាញ ឃើញថា ជនរងគ្រោះពិតជាស្លាប់ ដោយអំពើឃាតកម្ម ប្តីសម្លាប់ប្រពន្ធពិតប្រាកដមែន។ ក្រោយការវាយសម្លាប់រួច ជនដៃដល់បានរត់គេចខ្លួនបាត់ ហើយខណៈនេះ សមត្ថកិច្ចជំនាញ កំពុងបើកការស្រាវជ្រាវ ដើម្បីចាប់ខ្លួនឃាតករ យកមកផ្តន្ទាទោសតាមច្បាប់ ៕