អន្តរជាតិ ៖ នៅថ្ងៃច័ន្ទ ទី២១ ខែធ្នូ ឆ្នាំ២០២០ កងនាវាចរចិនបាននិយាយថា ក្រុមនាវាផ្ទុកយន្តហោះចម្បាំងថ្មីបំផុតរបស់ចិនគឺឈ្មោះ Shandong បានធ្វើដំណើរតាមសមុទ្រតៃវ៉ាន់ដើម្បីធ្វើសមយុទ្ធជាទៀងទាត់នៅសមុទ្រចិនខាងត្បូង ។ នេះបើយោងតាមប្រភពពីសារព័ត៌មាន CNA។
នេះវាមិនមែនជាលើកទីមួយទេ ដែលនាំវាផ្ទុកយន្តហោះចម្បាំងរបស់ចិន បានធ្វើដំណើរឆ្លងកាត់កោះតៃវ៉ាន់ វាបានកើតឡើងនៅពេលមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងតៃប៉ិនិងប៉េកាំង ដែលប្រទេសចិនចាត់ទុកកោះតៃវ៉ាន់ គ្រាន់តែជាខេត្តមួយរបស់ខ្លួនតែប៉ុណ្ណោះ។
នាវាផ្ទុកយន្យហោះចម្បាំងឈ្មោះ Shandong បានធ្វើដំណើរតាមសមុទ្រតៃវ៉ាន់មួយថ្ងៃបន្ទាប់ពីនាវាចម្បាំងអាមេរិកបានឆ្លងកាត់ផ្លូវទឹកដូចគ្នា។ កងទ័ពចិនបានបញ្ជាក់ថា ការធ្វើសមយុទ្ធនេះ គឺជាផ្នែកមួយនៃផែនការប្រចាំឆ្នាំរបស់ខ្លួន ហើយនាពេលអនាគតយើងនឹងបន្តរៀបចំប្រតិបត្តិការ ស្រដៀងគ្នាដោយផ្អែកលើតម្រូវការបណ្តុះបណ្តាល។
ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយថា នាវាផ្ទុកយន្តហោះចម្បាំង Shandong ត្រូវបានអមដំណើរដោយនាវាចម្បាំងចំនួន៤ គ្រឿងផ្សេងទៀត ហើយបានចេញដំណើរពីកំពង់ផែ Dalian ខេត្ត Liaoning ភាគឦសាន ប្រទេសចិន កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។ ជាការឆ្លើយតបតៃវ៉ាន់បានបញ្ជូននាវាចម្បាំង៦គ្រឿងនិងយន្តហោះចម្បាំង ៨ គ្រឿងដើម្បីឃ្លាំមើល និងតាមដានចលនារបស់នាវាចិនផងដែរ៕