រាជធានីភ្នំពេញ ៖ ក្រុមប្រឹក្សាជំនុំជម្រះ នៃក្រុមប្រឹក្សាធម្មនុញ្ញ បានសម្រេចច្រានចោលបណ្តឹងទាំងអស់ចំនួន ៩៥បណ្តឹង របស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ(LDP)ដែលបានប្តឹងតវ៉ានឹងសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ពាក់ព័ន្ធនឹងបញ្ជីបោះឆ្នោតដំបូង ដោយប្តឹងតវ៉ាទាមទារឲ្យ គ.ជ.ប.លុបឈ្មោះប្រជាពលរដ្ឋខ្មែរ ចំនួនជាង ២.៧០០នាក់ ចេញពីបញ្ជីឈ្មោះបោះឆ្នោត។
អគ្គលេខាធិការរង និងជាអ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញលោក ព្រហ្ម វិចិត្រអក្ខរា បានថ្លែងប្រាប់អ្នកសារព័ត៌មានថា បញ្ជាក់ថាក្រុមប្រឹក្សាជំនុំជម្រះ ក្រុមប្រឹក្សាធម្មនុញ្ញ បានបិទបញ្ចប់បណ្តឹងសរុបចំនួន ៩៥បណ្តឹងរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ តាំងពីសវនាការលើកទី១. កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ចំនួន ២៨បណ្តឹង , លើកទី២ កាលពីថ្ងៃទី២៣ ខែធ្នូ ចំនួន ២៣បណ្តឹង និងលើកទី៣. នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ ចំនួន ៤៤បណ្តឹង សរុបទាំងអស់ ៩៥បណ្តឹង។
អ្នកនាំពាក្យរូបនោះបញ្ជាក់ថា នៅក្នុងបណ្តឹង គឺគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានស្នើសុំលុបឈ្មោះប្រជាពលរដ្ឋចំនួន ២៧៣៣នាក់ ចេញពីបញ្ជីបោះឆ្នោត។ ក្នុងនាមស្ថាប័នធានាការពារឲ្យមានការគោរពរដ្ឋធម្មនុញ្ញ គឺក្រុមប្រឹក្សាធម្មនុញ្ញបានអនុវត្តស្របទៅតាមច្បាប់ហើយបាន សម្រេចច្រានចោលបណ្តឹងទាំង៩៥នោះនិងរក្សាឈ្មោះប្រជាពលរដ្ឋទាំង២.៧៣៣នាក់ទុកដោយសារពួកគាត់មានលក្ខខណ្ឌគ្រប់សម្រាប់ការចុះឈ្មោះបោះឆ្នោត ៕