អន្តរជាតិ ៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ កាលពីថ្ងៃចន្ទ បានឲ្យដឹងថា ឆ្មាំបដិវត្តអ៊ីរ៉ង់បានរឹបអូសនាវាដឹកប្រេងកូរ៉េខាងត្បូង១គ្រឿងនៅឈូងសមុទ្រ។ នេះបើយោងតាមប្រភពពីសារព័ត៌មាន CNA។
ក្រុងសេអ៊ូលបានទាមទារឲ្យដោះលែងនាវានេះជាបន្ទាន់ បន្ទាប់ពីបានបញ្ជាក់ថា នាវារបស់ខ្លួនត្រូវបានចាប់យកដោយក្រុមអាជ្ញាធរអ៊ីរ៉ង់ នៅក្នុងដែនទឹកក្បែរប្រទេសអូម៉ង់។ មានភាពតានតឹងរវាងប្រទេសទាំងពីរ បន្ទាប់ពីការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ដែលនាំឲ្យមូលនិធិអ៊ីរ៉ង់ត្រូវបានបង្កកនៅក្នុងធនាគារកូរ៉េខាងត្បូង។ ចំណុចនេះបង្ហាញថា ប្រទេសអ៊ីរ៉ង់បានព្យាយាមប្រើល្បិចចាស់មួយ នៅពេលដែលមានអារម្មណ៍ថា ស្ថិតនៅក្រោមសម្ពាធ។
នាវាដឹកប្រេងកូរ៉េខាងត្បូង កំពុងបើកតាមច្រកតូចនៃសមុទ្រហូមូស (Strait of Hormuz) នៅពេលនាវានេះត្រូវបានកងឆ្មាំបដិវត្តអ៊ីរ៉ង់ ចោទប្រកាន់ពីបទបំពុលទឹកដោយសារតែសារធាតុគីមី៕