ខេត្តព្រះវិហារ ៖នៅព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានផ្តល់ជម្រើសជូនប្រជាពលរដ្ឋក្នុងការចិញ្ចឹមសត្វ យកសាច់ដូចជាៈគោ ក្របី ហើយជាពិសេសនោះគឺសត្វចៀម និងពពែ ជាសត្វដែលចិញ្ចឹមក្នុងព្រៃសហគមន៍បានយ៉ាងងាយស្រួល ដោយគ្រាន់តែចំណាយពេលវេលាតិច ចំណេញច្រើន។ការលើកឡើងនេះ ក្នុងវេទិកាសាធារណៈ ពិភាក្សាលើករណីប្រជាជនកាន់កាប់អាស្រ័យផលក្នុងដែនជំរកសត្វព្រៃ «ភ្នំត្នោត-ភ្នំពក» ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ដែលរៀបចំឡើងនៅទីចាត់ការដែនជម្រកសត្វព្រៃបឹងពែរ ភូមិអូពោធិ៍ ឃុំរមណីយ៍ ស្រុករវៀង ខេត្តព្រះវិហារ ។
ឯកឧត្តមរដ្ឋមន្ត្រី បានសំណូមពរឱ្យប្រជាលរដ្ឋផ្លាស់ប្តូរមុខរបរ ដែលធ្លាប់បរបាញ់សត្វ មកជាការចូលរួមចិញ្ចឹមសត្វជំនួសវិញ ព្រោះការបរបាញ់សត្វព្រៃជាអំពើល្មើសច្បាប់ ប្រឈមនិងទោសទណ្ឌចំពោះមុខច្បាប់។ឯកឧត្តមរដ្ឋមន្រ្តី បានជំរុញឱ្យមានការកំណត់ព្រំប្រទល់តំបន់ដែនជម្រកសត្វព្រៃឱ្យបានលឿន ពង្រឹងការអប់រំប្រជាពលរដ្ឋ លើកទឹកចិត្តឱ្យកូនចៅប្រជាពលរដ្ឋបានរៀនសូត្រទាំងអស់គ្នានិងស្នើឱ្យដាំដើមឈើ ដែលឆាប់បានទទួលផល ដូចជាដំណាំអាកាស្យាជាដើម។
ក្នុងនោះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន បានណែនាំ និងពន្យល់បកស្រាយជូនដល់ប្រជាពលរដ្ឋ សូមកុំបន្តមានទំនាស់ដីធ្លី កើតឡើងបន្តទៀត គឺត្រូវចូលរួមការពារ និងអភិរក្សព្រៃឈើ សត្វព្រៃដែលមាននៅក្នុងតំបន់នោះទាំងអស់គ្នាផងដែរ៕