ខេត្តបន្ទាយមានជ័យ ៖កាលពីម៉ោង០០និង០៥នាទីឈានចូល ថ្ងៃទី ០៧ខែ មករា ឆ្នាំ២០២១ នៅចំណុចមុខភោជនីយដ្ឋានម្លប់ឬស្សី ផ្លូវជាតិលេខ៥ ស្ថិតនៅភូមិបាលិលេយ្យ២ សង្កាត់បាលិលេយ្យ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នគរបាលអធិការដ្ឋានក្រុងប៉ោយប៉ែត សហការជាមួយកម្លាំងការិយាល័យ(ក១០)មន្ទីរប្រឆាំងគ្រឿងញៀននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ០២នាក់និងវត្ថុតាងថ្នាំញៀនមួយចំនួន ។
លោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនិងលោកវរសេនីយ៍ សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ៖ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ លោកបានដឹកនាំកម្លាំងនិងសហការនឹងនគរបាលដូចខាងលើ បានឈានដល់ចាប់ឃាត់ខ្លួនជនសង្ស័យមុខសញ្ញាជួញដូរនូវសារធាតុញៀនចំនួន០២នាក់។
ជនសង្ស័យ មាន៖១-ឈ្មោះ មាស ធីតា ភេទប្រុស ជនជាតិខ្មែរ រស់នៅចំណុចមុខភោជនីយដ្ឋាន ម្លប់ឬស្សី ផ្លូវជាតិលេខ៥ សង្កាត់បាលេលីយ្យ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដកហូតវត្ថុតាងសង្ស័យថ្នាំញៀនអ៊ិចស្រ្តាស៊ីចំនួន ៤៨គ្រាប់ ,សារធាតុញៀនសង្ស័យប្រភេទ កេតាមីន ចំនួន១៥ កូនថង់តូច ។
និង២-ឈ្មោះ ស្រេង ឡុង ហេង ភេទប្រុស ដែលជាមេក្លោង រស់នៅចំណុចបន្ទប់លេខE៤៣ ជាន់ទី៤ ផ្លូវបេតុង ផ្ទះគ្មានលេខ ភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ វត្ថុតាងចាប់យកមាន៖ថ្នាំគ្រាប់ពណ៍ត្រួយចេក ចំនួន២៣ថង់ សង្ស័យសារធាតុញៀនប្រភេទអ៊ិចស្រ្តាស៊ី,ថ្នាំគ្រាប់ពណ៍ផ្កាឈូកចំនួន៤ថង់សង្ស័យសារធាតុញៀនប្រភេទអ៊ិចចស្រ្តាស៊ី ,ថ្នាំគ្រាប់ពណ៍លឿងស្រាល ចំនួន៥ថង់ សង្ស័យសារធាតុញៀនប្រភេទអ៊ិចស្រ្តាស៊ី,ក្រាមសថ្លាចំនួន០១ កូនថង់សង្ស័យសារធាតុញៀន ,ថ្នាំគ្រាប់ហ្វាយៗមួយបន្ទះចំនួន១០គ្រាប់ សង្ស័យសារធាតុញៀន ,ជញ្ជីងសំរាប់ថ្លឹងថ្នាំញៀនចំនួន០១ ,កេតាមីនទឹកចំនួន ១៥០ដបសង្ស័យសារធាតុញៀន ,សំភារះសំរាប់សម្ងួតថ្នាំញៀនមួយចំនួន ។
ក្រោយ បំបែកសំណុំរឿងដោយតាមមុខសញ្ញាពីក្រុងភ្នំពេញ មកក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយបំបែកបាននោះ មន្ទីរប្រឆាំងគ្រឿងញៀនដែលជាម្ចាស់ករណី បានទទួលសំណុំរឿងនិងជនសង្សូ័យនេះទៅចាត់ការតាមនីតិវិធី៕