អន្តរជាតិ ៖ សេចក្តីថ្លែងការណ៍មួយពីព្រះបរមរាជវាំងបាននិយាយថា ព្រះមហាក្សត្រម៉ាឡេស៊ី ព្រះចៅស៊ុលតង់ Al-Sultan Abdullah នៅថ្ងៃអង្គារនេះបានប្រកាសដាក់ប្រទេសទាំងមូលក្នុងគ្រាមានអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតជំងឺកូវីដ១៩។ នេះបើយោងតាមប្រភពពីសារព័ត៌មាន CNA ។
សេចក្តីប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ននេះ នឹងមានសុពលភាពរហូតដល់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ ឬក៏អាច លឿនជាងនេះអាស្រ័យទៅលើស្ថានភាពកូវីដ១៩។
ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងបន្ទាប់ពីព្រះចៅស៊ុលតង់ Al-Sultan Abdullah បានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីលោក Muhyiddin Yassin នៅវិមានជាតិកាលពីថ្ងៃចន្ទម្សិលមិញ បានប្រកាសដាក់ចេញចាត់វិនការរឹតបន្តឹងលើការធ្វើដំណើរ ចាប់ពីថ្ងៃពុធ ទី១៣ ខែមករា ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ COVID-19 ដែលកំពុងរីករាលដាលយ៉ាងឆាប់រហ័ស នៅក្នុងប្រទេសអាស៊ានមួយនេះ។
ក្នុងអំឡុងពេលនៃការប្រជុំគ្នារយៈពេល៤៥នាទី ព្រះមហាក្សត្រម៉ាឡេស៊ី បានអនុញ្ញាតឱ្យរដ្ឋាភិបាលម៉ាឡេស៊ី បង្កើតគណៈកម្មាធិការឯករាជ្យមួយ ដែលមានសមាសភាពនៃមន្ត្រីរដ្ឋាភិបាល និងសមាជិកសភាមកពីគណបក្សប្រឆាំង រួមទាំងអ្នកជំនាញសុខាភិបាល ដើម្បីគ្រប់គ្រងស្ថានការណ៍កូវីដ១៩។បន្ថែមពីលើនេះ ព្រះអង្គក៏បានស្នើឱ្យប្រជាជនម៉ាឡេស៊ី រក្សាភាពស្ងៀមស្ងាត់ និងអត់ធ្មត់ផងដែរ កំឡុងការអនុវត្តវិធានការដាក់ប្រទេសក្នុងគ្រាអាសន្ននេះ។
បើតាមគេហទំព័រ worldometers គិតត្រឹមព្រឹកនេះម៉ាឡេស៊ីមានករណីឆ្លង COVID-19 សរុប ១៣៨,២២៤ករណី ក្នុងនោះមានអ្នកស្លាប់សរុប ៥៥៥នាក់ និងជាសះស្បើយឡើងវិញ ១០៩,១១៥នាក់៕