ខេត្តព្រះវិហារ៖ នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២០នេះ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះវិហារ អញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គហ្វឹកហ្វឺនពង្រឹងការងារយោធាដល់នាយទាហាន នាយទាហានរង និងពលទាហានចំណុះតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ប្រចាំឆ្នាំ២០២០ ដោយមានការចូលរួមពីមេបញ្ជាការភូមិភាគ៤ មេបញ្ជាការ មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត នាយទាហាន ពលទាហានជាច្រើនរូប ស្ថិតក្នុងទីបញ្ជាការវរៈសេនាតូចលេខ១ នៅភូមិមហាផល ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ។
នាឱកាសនោះដែរ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជានិច្ចកាលសម្តេចទាំងពីរតែងតែគិតគូរយកចិត្តទុកដាក់បំផុត ចំពោះសុខទុក្ខ និងដោះស្រាយរាល់បញ្ហាលំបាករបស់បងប្អូនកងកម្លាំងរបស់យើងតាមរយៈការផ្គត់ផ្គង់សម្ភារៈជាតម្រូវការផ្សេងៗ សង់លំនៅដ្ឋាន និងផ្តល់ដីសម្បទានសម្រាប់បង្កបង្កើនផលជាពិសេសសម្ដេច តែងតែជួយឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាងដើម្បីបង្កលក្ខណៈដល់ការរស់នៅរបស់កងកម្លាំងយើងឱ្យមាន ស្ថានភាពល្អប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ស្របពេលនេះដែរ រដ្ឋបាលខេត្ត សូមគោរពថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់ជូនសម្តេចតេជោ ដែលបានផ្តល់ជូននូវទឹកសុទ្ធចំនួន ១.០០០កេស និងមីកញ្ចប់ចំនួន ៥០០កេស ដើម្បីឧបត្ថម្ភដល់ពលករដែលវិលត្រឡប់មកពីប្រទេសថៃ និងធ្វើចត្តាឡីស័កតាម០៧មណ្ឌលចត្តាឡីស័ក ក្នុងខេត្តព្រះវិហារ របស់យើង។
ឯកឧត្តមអភិបាលខេត្ត បានផ្តាំផ្ញើរដល់មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ត្រូវយកចិត្តទុកដាក់ គោរព និងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវរាល់បទបញ្ជា និងសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ និងបញ្ជាការដ្ឋានកងទ័ពជើងគោក ដោយធានាបានទាំងស្រុងនូវការអនុវត្តភារកិច្ចស្នូលជាកម្លាំងត្រៀមប្រយុទ្ធគ្រប់ពេលវេលា និងការពារទប់ស្កាត់រាល់អំពើអសន្តិសុខ និងអំពើភេរវកម្ម ដែលបង្កការគម្រាមកំហែង និងអស្ថិរភាពក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ខិតខំប្រឹងប្រែងបំពេញកាតព្វកិច្ចការពារ ឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការចូលរួមថែរក្សាសន្តិភាព សន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ សម្រេចបានលទ្ធផល និងស្នាដៃល្អប្រសើរ ជូនជាតិមាតុភូមិ៕