រាជធានីភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវដល់ពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ សូមស្នាក់នៅ ក្នុងប្រទេសថៃបន្តទៀត ចៀសសវាងការចល័តពីកន្លែងមួយទៅកន្លែងមួយទៀត ដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ ការពារការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដែលកំពុងផ្ទុះឡើងនៅទូទាំងប្រទេសថៃ។
ការអំពាវនាវនាវនេះធ្វើឡើងខណៈពេលដែលគេសង្កេតឃើញមានការឆ្លងកូវីដ១៩ក្នុងអំឡុងពេលដែលបងប្អូនពលករនៅប្រទេសថៃធ្វើដំណើរត្រឡប់មកវិញដោយលួចលាក់ និងខុសពីបំរាមអាជ្ញាធរថៃ ។
ទន្ទឹមនោះ គណៈកម្មការផ្ដល់ភាពស្របច្បាប់ដល់ពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ក៏បានបញ្ជាក់ ដែរថា ក្នុងពេលមានការរាតត្បាតជំងឺកូវីដ-១៩ នៅប្រទេសថៃនោះ អាជ្ញាធរថៃនឹងមិនមានវិធានការច្បាប់ប្រឆាំងនឹង និយោជក ក៏ដូចជាពលករបរទេសដែលកំពុងធ្វើការ និងស្នាក់នៅមួយកន្លែងនោះឡើយ។ ផ្ទុយទៅវិញ ប្រសិនបើពលករ បរទេសដែលចល័តពីកន្លែងមួយទៅកន្លែងមួយទៀត ឬមានបំណងចង់វិលត្រលប់ទៅស្រុកកំណើតវិញនោះ នឹងត្រូវអាជ្ញាធរ មានសមត្ថកិច្ចថៃចាប់ឃាត់ខ្លួន ហើយក៏អាចប្រឈមនឹងការឆ្លងជំងឺកូវីដ-១៩ ថែមទៀតដែរ។
គណៈកម្មការផ្ដល់ភាពស្របច្បាប់ដល់ពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ សូមអំពាវនាវយ៉ាង ទទូចដល់ពលករកម្ពុជាទាំងឡាយដែលកំពុងស្នាក់នៅប្រទេសថៃស្រាប់ សូមរក្សាភាពនឹងនរ និងបន្តស្នាក់នៅមួយ កន្លែងសិន ដោយកុំទាន់ឆ្លងដែនចូលមកប្រទេសកម្ពុជាវិញឱ្យសោះ ហើយសូមជឿទុកចិត្តលើសមត្ថភាព និងលទ្ធភាព ទប់ស្កាត់ ការព្យាបាលជំងឺកូវីដ-១៩ របស់អាជ្ញាធរថៃ។