ខេត្តព្រះសីហនុ ៖ កម្លាំងសមត្ថកិច្ច បានស្រាវជ្រាវឈានទៅដល់ការ ចាប់ជនសង្ស័យ៣នាក់ និងតាមចាប់ខ្លួនបក្ខពួកដែលនៅសេសសល់ មួយចំនួនទៀត ពាក់ព័ន្ធសំណុំរឿងបាញ់សម្លាប់ជនជាតិចិននៅខេត្តព្រះសីហនុកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២១កន្លងទៅ ។ ក្រៅពីការឃាត់ខ្លួនមនុស្ស៣នាក់ សមត្ថកិច្ចក៏បានរកឃើញរថយន្តដែលជិះធ្វើសកម្មភាពនិងគ្រឿងញៀនមួយចំនួនថែមទៀត។
ជនសង្ស័យម្នាក់ និងគូកន ត្រូវបានកម្លាំងនគរបាល ជំនាញខេត្តចាប់ខ្លួនកាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១។
ជនរងគ្រោះឈ្មោះ ផេង ស៊ូ ភេទប្រុស ជនជាតិចិន អាយុ២៨ឆ្នាំ ត្រូវបានខ្មាន់កាំភ្លើងបាញ់ត្រូវមួយគ្រាប់ចំលើដោះ ខាងឆ្វេងបណ្តាលឲ្យស្លាប់ភ្លាមៗនៅក្នុងរថយន្ត។
គួររំលឹកថា កាលពីព្រឹកថ្ងៃទី២១ ខែមករា មានករណីឃាតកម្មបាញ់សម្លាប់ជនជាតិចិន នៅចំណុចនៅក្នុងមុខកាស៊ីណូ ជីយវនីសិន តាមបណ្តោយផ្លូវសណ្ឋារគារឯករាជ្យ ស្ថិតនៅភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។ ឃាតកម្មនេះបង្កឡើង ដោយជនល្មើសមិនស្គាល់អត្តសញ្ញាណជិៈរថយន្តពីរគ្រឿង។ ក្នុងនោះ ជនល្មើសជិះរថយន្តម៉ាក Ford Raptors ពណ៌ខ្មៅ ពាក់ផ្លាកលេខៈ ភ្នំពេញ 2BI-1413 បានធ្វើសកម្មភាពបើកដេញតាមរថយន្តម៉ាក RANGE ROVER ពណ៌ខ្មៅ ផ្លាកលេខ 2AL-9459 (រថយន្តជនរងគ្រោះ)។ លុះដល់ចំណុចកើតហេតុជនល្មើសបានបើករថយន្តទៅអែបនឹងរថយន្តរបស់ជនរង គ្រោះរួចបានបាញ់ទៅលើជនរងគ្រោះបណ្តាលឲ្យត្រូវជនរងគ្រោះស្លាប់ភ្លាមៗនៅក្នុងរថយន្តតែម្តង ៕