ខេត្តកំពង់ឆ្នាំង ៖ រដ្ឋបាលព្រៃឈើកំពង់ឆ្នាំងបានយកដើមធ្នង់ចំនួន 75ដើមមកដាំជុំវិញ រង្វង់មូលទូកគឺជាសមិទ្ធិផលថ្មីមួយទៀតរបស់ខេត្តកំពង់ឆ្នាំងដែលបានលេចរូបរាងឡើងយ៉ាងស្រស់ត្រកាល នៅក្នុងទឹកដី សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ដើម្បីស្វាគមន៍ភ្ញៀវទេសចរមកលេងកំសាន្ត ។
មន្ត្រីរដ្ឋបាលព្រៃឈើកំពង់ឆ្នាំងម្នាក់ជាអ្នកចង្អុលការឲ្យក្រុមកម្មករដាំដើមធ្នង់ខាងលើនេះបាននិយាយឲ្យដឹងថា ដើមធ្នង់ចំនួន 75ដើមនេះគឺលោក ថោង វីរ៉ាវុទ្ធី នាយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង បានជួយឧបត្ថម្ភដល់រដ្ឋបាលខេត្តដើម្បីយកមកដាំដុះនៅជុំវិញបរិវេណរង្វង់មូលទូកនេះ ដែលនឹងត្រូវប្រារព្ធធ្វើពិធីក្រុងពាលីនាព្រឹកថ្ងៃស្អែកត្រូវថ្ងៃទី ២៧ ខែមករាដើម្បីឆ្លងសមិទ្ធផលថ្មីមួយនេះ ។
សូមបញ្ជាក់ផងដែរថា ចំណុចរង្វល់មូលទូកជាសមិទ្ធផលថ្មីនេះ គឺជាចំណុចផ្លូវប្រសព្វមានចំនួន៦ខ្សែហើយនៅផ្នែកខាងកើតជាប់គ្នានេះ គឺជាកំពង់ផែថ្មីរបស់ក្រុងកំពង់ឆ្នាំង ដែលមានបងប្អូនប្រជាពលរដ្ឋឆ្លងកាត់ចុះឡើងតាមសាឡាងឆ្លងទន្លេទៅកាន់ទឹកដីស្រុកកំពង់លែង និងខេត្តកំពង់ធំ ។
ហើយក៏ជាតំបន់ទេសចរណ៍ថ្មីមួយទៀត ដែលរដ្ឋបាលខេត្តកំពង់ឆ្នាំងកំពុងធ្វើការអភិវឌ្ឍ ពង្រីកវិសាលភាពទេស ចរណ៍នៅតាមមាត់ទន្លេសម្រាប់លើកស្ទួយជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋឲ្យកាន់តែប្រសើរល្អឡើងក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕