ខេត្តកំពង់ចាម ៖ កាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី០១ ខែកុម្ភ: ឆ្នាំ២០២១ ជម្លោះហិង្សាមួយបានកើតឡើងរវាងភ្ញៀវខាងកូនកំលោះ និងខាងកូនក្រមុំ បណ្ដាលឱ្យរងរបួសទាំងសង្ខាង នៅក្នុងពិធីមង្គលការមួយ ស្ថិតនៅភូមិទួលខ្វាវ ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។ ភ្លាមៗ នោះកម្លាំងសមត្ថកិច្ចបានចុះឃាត់ខ្លួនកូនកម្លោះទាំងយប់តែម្តង ។
សមត្ថកិច្ចបានបញ្ជាក់ថា ពិធីមង្គលការនោះបានប្រព្រឹត្តទៅជាធម្មតាដោយមានភ្ញៀវកូនកំលោះ និងភ្ញៀវកូនក្រមុំចូលរួមពិសាអាហារពេលល្ងាច នាថ្ងៃទី០១ ខែកុម្ភៈនេះ ជាច្រើន ដោយមានចាក់ភ្លេងកំដរភ្ញៀវទៀតផង ។ លុះដល់ពេលយប់ ក៏បាននាំគ្នារាំកម្សាន្ត លេងយ៉ាងសប្បាយ ហើយក៏បានទាស់ពាក្យសម្ដីគ្នា ជាហេតុធ្វើឱ្យអំពើហិង្សាបានផ្ទុះឡើងតែម្តង ដោយភាគីម្ខាងៗប្រើកៅអីជ័រ និងកែវស្រា វ៉ៃគប់គ្នាពេញរោងការ ។
សមត្ថកិច្ចបន្តថា ហេតុការណ៍ខាងលើកើតឡើងរវាងក្រុមភ្ញៀវខាងកូនកំលោះ៤នាក់ ៖ ១.ឈ្មោះ យឿន ចាន់ថុល ភេទប្រុស អាយុ១៩ឆ្នាំ មុខរបកសិករ ២.ឈ្មោះឃឿង ណាំឈៀវ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបកសិករ ៣.ឈ្មោះរឿង វណ្ណៈ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបកសិករ និង៤.ឈ្មោះវ័រ សុភាក់ ភេទប្រុស អាយុ២០ឆ្នាំ (កូនកំលោះ) មុខរបកសិករ ។ អ្នកទាំង៤នាក់នេះរស់នៅភូមិអូវាយ ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម ។ ចំណែកភ្ញៀវខាងកូនក្រមុំចំនួន៣នាក់ គឺ១.ឈ្មោះគង់ ទី ភេទប្រុស អាយុ២២ឆ្នាំ មុខរបកសិករ ២.ឈ្មោះផល ផាន់ណាក់ ភេទប្រុស អាយុ២២ឆ្នាំ មុខរបកសិករ និង៣.ឈ្មោះខន ខួច ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបកសិករ ទាំង៣នាក់ រស់នៅភូមិទួលខ្វាវ ឃុំបឹងណាយ ស្រុកព្រៃឈរ បណ្ដាលឲ្យក្រុមភ្ញៀវខាងកូនក្រមុំរងរបួសបែកក្បាលទាំង៣នាក់ និងភ្ញៀវកូនក្រមុំម្នាក់ទៀតឈ្មោះ គង់ ទូច ភេទប្រុស អាយុ៤៥ឆ្នាំ ក៏របួសបែកក្បាលផងដែរ។
កម្លាំងនគរបាលបានចុះអន្តរាគមន៍ ហើយបានធ្វើការនាំខ្លួនភ្ញៀវខាងកូនកំលោះ៣នាក់ រួមទាំងកូនកំលោះម្នាក់ផងដែរ សរុបទាំងអស់៤នាក់នាំយកមកសាកសួរនាំ និងបានឆ្លើយសារភាពថា ពិតជាបានធ្វើសកម្មភាពប្រើអំពើហិង្សាមកលើភាគីភ្ញៀវនៅខាងទៀតមែន។
ក្រោយការឃាត់ខ្លួនសមត្ថកិច្ចនគរបាលបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការបន្តទៀត ៕