អន្តរជាតិ ៖ កាលពីថ្ងៃច័ន្ទ យោធារបស់ប្រទេសមីយ៉ាន់ម៉ា បានប្រកាសលុបចោលនូវរដ្ឋាភិបាលដែលបានជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យរបស់លោកស្រី អ៊ុង សានស៊ូជី ដោយបានដកតំណែងរដ្ឋមន្ត្រីនិងសមាជិកសភាចំនួន ២៤ រូប ខណៈបានតែងតាំងជំនួស១១ រូបវិញនៅក្នុងរដ្ឋបាលថ្មីរបស់ខ្លួន បន្ទាប់ពីដណ្តើមអំណាចនៅក្នុងរដ្ឋប្រហារមួយ។ នេះបើយោងតាមប្រភពពីសារព័ត៌មាន CNA។
ការប្រកាសនេះត្រូវបានធ្វើឡើងនៅលើកញ្ចក់ទូរទស្សន៍ Myawadday ដែលគ្រប់គ្រងដោយយោធានិងរាប់បញ្ចូលទាំងការតែងតាំងតំណែងថ្មីដូចជា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងសុខាភិបាល រដ្ឋមន្ត្រីក្រសួងព័ត៌មាន រដ្ឋមន្ត្រីក្រសួងការបរទេស រដ្ឋមន្ត្រីក្រសួងការពារជាតិ រដ្ឋមន្ត្រីក្រសួងព្រំដែន និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។
យោធាបានដណ្តើមអំណាចកាលពីថ្ងៃច័ន្ទនៅក្នុងរដ្ឋប្រហារមួយដោយបានឃុំខ្លួនលោកស្រី អ៊ុងសាន ស៊ូជី និងមេដឹកនាំដទៃទៀតនៃគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យរបស់លោកស្រីនៅក្នុងការវាយឆ្មក់នៅពេលព្រឹកថ្ងៃដដែល។
កងទ័ពបាននិយាយថា ខ្លួនបានអនុវត្តការឃុំខ្លួនដើម្បីឆ្លើយតបទៅនឹង “ការលួចបន្លំសន្លឹកឆ្នោត” ដោយប្រគល់អំណាចទៅឲ្យមេបញ្ជាការយោធាលោកឧត្តមសេនីយ៍ Min Aung Hlaing និងបានប្រកាសដាក់ប្រទេសក្នុងស្ថានភាពអាសន្នរយៈពេញមួយឆ្នាំ ។
ការប្រជុំរដ្ឋបាលថ្មីយោធាបាននិយាយថាលោក Min Aung Hlaing បានសន្យាថានឹងអនុវត្ត“ប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្សប្រកបដោយការរីកចម្រើនប្រកបដោយវិន័យ”។ លោកបានសន្យាថានឹងមានការបោះឆ្នោតដោយសេរីត្រឹមត្រូវនិងយុត្តិធម៌និងប្រគល់អំណាចដល់គណបក្សឈ្នះឆ្នោតដោយសន្តិវិធី៕