ខេត្តកណ្តាល ៖ នៅព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អញ្ជើញជាអធិបតីភាពក្នុងទិវាអន្ដរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៥។
ពិធីនេះបានប្រព្រឹត្តទៅនៅសួនច្បារមាត់ទន្លេ ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម លោកជំទាវ រដ្ឋមន្ដ្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គស្នងការនគរបាលជាតិ អគ្គនាយក អគ្គនាយករង អនុគណៈកម្មការទី១ អនុគណៈកម្មការទី២ អគ្គលេខាធិការដ្ឋាន ភ្ញៀវកិត្តិយស និងប្រតិភូអមដំណើរ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។
គោលបំណងសំខាន់បំផុត នៃការប្រារព្ធទិវានេះឡើង គឺដើម្បីចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារ និងជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ និងដើម្បីពញ្ញាក់ស្មារតីអ្នកប្រើប្រាស់ផ្លូវទាំងឡាយ ឱ្យយល់ដឹងអំពីផលប៉ះពាល់នៃគ្រោះថ្នាក់ចរាចរណ៍ និងត្រូវយកចិត្តទុកដាក់គោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន សំដៅរួមគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យមកនៅកម្រិតទាប ដែលនេះ គឺជាផ្នែកមួយដ៏សំខាន់ ដើម្បីឈានទៅចូលរួមលុបបំបាត់សកម្មភាពអនាធិបតេយ្យ នៃការធ្វើចរាចរណ៍តាមដងផ្លូវសាធារណៈ និងជំរុញការអនុវត្តច្បាប់ឱ្យទទួលបានលទ្ធផលជាវិជ្ជមាន។
យោងតាមខ្លឹមសាររបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ បានបណ្ដាលឲ្យមានមនុស្សស្លាប់ ក្នុង១ថ្ងៃ ចាប់ពី៥នាក់ ទៅ៦នាក់ និងរងរបួសធ្ងន់ និងស្រាលជាច្រើននាក់ទៀត។ចំនួនអ្នកស្លាប់របួស និងពិការដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូគោក មានការកើនឡើង ពិសេស ក្នុងអំឡុងពេលបុណ្យសំខាន់ៗ និងថ្ងៃចុងសប្ដាហ៍៕