រាជធានីភ្នំពេញ ៖ លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានបញ្ជាក់កាលពីម្សិលមិញនេះថា វ៉ាក់សាំងប្រឆាំងកូវីដ១៩ ចំនួន៦០ម៉ឺនដូស នឹងមកដល់ប្រទេសកម្ពុជា នៅចុងសប្តាហ៍នេះ។ លោកថា វ៉ាក់សាំងប្រឆាំងកូវីដ១៩ ចំនួន៦០ម៉ឺនដូស ជាតួលេខដំបូងនៃចំនួនសរុប ដែលរដ្ឋាភិបាលចិនផ្តល់ជាជំនួយដល់កម្ពុជា ក្នុងចំណោមវ៉ាក់សាំងសរុបចំនួន ១លានដូស ។
លោក វ៉ាង វិនធាន បានថ្លែងកាលពីរសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ ក្នុងឱកាសដែលលោកចូលរួមក្នុងពិធីជួប សំណេះសំណាលជាមួយក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យព្រះកេតុមាលា ដោយបញ្ជាក់ថា វ៉ាក់សាំងប្រឆាំងកូវីដ១៩ចិន ស៊ីណាហ្វាម Sinopharm ចំនួន៦០ម៉ឺនដូសនៃចំនួនវ៉ាក់សាំងសរុប១លានដូស ដែលជាជំនួយរបស់ចិនផ្តល់ឲ្យកម្ពុជា នឹងមកដល់កម្ពុជាត្រឹមចុងសប្តាហ៍នេះ និងវ៉ាក់សាំងនៅសល់ចំនួន៤០ម៉ឺនដូសទៀតនឹងបញ្ជូនមកជាបន្តបន្ទាប់ ។ ក្រៅពីការដឹកជញ្ជូនវ៉ាក់សាំងនេះ ចិនក៏នឹងចាត់ក្រុមវេជ្ជបណ្ឌិតចំនួន៤នាក់ ដែលជំនាញលើការចាក់វ៉ាក់សាំងមកកម្ពុជាដែរ ៕