រាជធានីភ្នំពេញ ៖ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ក្នុងខែមករា ឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញជ័រកៅស៊ូ បានចំនួន ៥២.៧១១តោន កើនឡើង ៩% ប្រៀបធៀបនឹងខែមករា ឆ្នាំ២០២០ ហើយទទួលបានចំណូលពីវិស័យមួយនេះជិត ៨៥លានដុល្លារអាមេរិក។
សូមជម្រាបថា បច្ចុប្បន្នកម្ពុជា មានផ្ទៃដីផលិតផលជ័រកៅស៊ូចំនួន ៤០៤.១៥៩ហិកតា ក្នុងនោះផ្ទៃដីចៀរជ័រចំនួន ២៩២.៤៩៧ហិកតា ស្មើនឹង ៧២ភាគរយ និងផ្ទៃដីថែទាំមានចំនួន ១១១.៦៦៣ហិកតា ស្មើនឹង២៨ភាគរយ។ ចំណែកតម្លៃជ័រកៅស៊ូនៅខែមករា ឆ្នាំ២០២១នេះ ជាមធ្យមមានតម្លៃ ១.៦០៣ដុល្លារ ក្នុង ១តោន។ ដូច្នេះចំណូលបាន ពីការនាំចេញជ័រកៅស៊ូ ក្នុងខែមករា ឆ្នាំ២០២១នេះ មានចំនួន ៨៤,៤៩លានដុល្លារអាមេរិក។
គួរម្លឹកថា នៅក្នុងឆ្នាំ២០២០ កម្ពុជាបាននាំចេញជ័រកៅស៊ូជាង ៣៥ម៉ឺនតោន ទទួលបានចំណូលជាង ៤៨២លានដុល្លារ អាមេរិក ខណដែលជ័រកៅស៊ូកម្ពុជា ទាំងអស់នោះត្រូវបាននាំចេញទៅកាន់ប្រទេសចិន វៀតណាម សិង្ហបុរី និងម៉ាឡេស៊ី៕