ខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ស្ត្រីម្នាក់ជាមេខ្សល់ធ្លាប់នាំមនុស្សឆ្លងដែន ដោយខុសច្បាប់យ៉ាងសកម្ម ត្រូវបានកម្លាំងនគរបាល ការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន ឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។
ជនសង្ស័យឈ្មោះ ខន សុឃឿត ភេទស្រី អាយុ៣៦ឆ្នាំ នៅភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ ជននេះត្រូវបានកម្លាំងនគរបាលវរសេនាតូចការពារព្រមដែនគោកលេខ៩១១ ចុះល្បាតតាមបន្ទាត់ព្រំដែន ហើយបានធ្វើការចាប់ឃាត់ខ្លួននៅវេលាម៉ោង១៦និង០៤នាទី ថ្ងៃទី១៤ ខែកុម្ភៈឆ្នាំ២០២១ ចំណុចភូមិសាស្ត្រភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខណៈពេលកំពុងនាំមនុស្សឆ្លងដែនចេញពីប្រទេសថៃចូលមកកម្ពុជា តាមច្រករបៀងខុសច្បាប់គេចពីការធ្វើចត្តាឡីស័ក នេះបើតាមលោកវរសេនីយ៍ឯក សែស វិបុល អធិការនគរបាលស្រុកអូរជ្រៅ បានឲ្យដឹង ។
លោកបញ្ជាក់ថា ក្រោយការឃាត់ខ្លួនសមត្ថកិច្ចបានបញ្ជូនមេខ្យល់រូបនោះមកអធិការដ្ឋាន ដើម្បីសាកសួរ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលពីឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ ជនសង្ស័យត្រូវបានឃាត់ខ្លួននិងរៀបចំសំណុំរឿងតាមនិតិវិធី ច្បាប់ ។
លោកវរសេនីយ៍ឯក ឡាយ គឹមលួន នាយការិយាល័យ នគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានឲ្យដឹងថា៖ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនបានលួចនាំមនុស្សចេញ-ចូលឆ្លងដែនចំនួន០៥លើករួចមកហើយ ចាប់ពីខែមករា ឆ្នាំ២០២១មក ខ្លួនបានជូនគេទៅធ្វើការដកដំឡូងនិងកាប់អំពៅ ក្នុងរយៈពេល០១អាទិត្យឬ១០ថ្ងៃទើបវិលមកខ្មែរវិញ ដោយយកគេក្នុង០១ឬ០២នាក់តម្លៃ៣០០បាត ។
លោកស្រី ឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងការរង ទទួលផែនការងារយ៉េនឌ័រនិងប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានបញ្ជាក់ថា៖ដោយផ្អែកតាមចម្លើយសារភាពរបស់ជនសង្ស័យ បច្ចុប្បន្នជនសង្ស័យឈ្មោះ ខន សុឃឿត ត្រូវបានកម្លាំងជំនាញការិយាល័យ ប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន រៀបចំសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕