ខេត្តបន្ទាយមានជ័យ ៖ ដើម្បីធានាបាន គ្មានការលួចឆ្លងដែនចូលមកកម្ពុជា ពីសំណាក់ប្រជាពលរដ្ឋខ្មែរ ដោយមិនបានធើ្វចត្តាឡីស័ក ឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីបញ្ជៀសការឆ្លងរីករាលដាលនូវជំងឺកូវីដ១៩ ក្នុងសហកមន៍ និងក្រោយពីទទួលសារណែនាំពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើការពង្រឹងការត្រួតពិនិត្យ និងទប់ស្កាត់ពលករចំណាក់ស្រុកខុសច្បាប់នោះ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការស្តីទី យោធភូមិភាគទី៥ រួមដំណើរដោយលោកអភិបាលរងខេត្ត លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី បញ្ជាការកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ លោកអភិបាលក្រុងប៉ោយប៉ែត អញ្ជើញចុះត្រួតពិនិត្យពង្រឹងកងកម្លាំងអន្តរាគមន៍ របស់កងពលតូចថ្មើរជើងលេខ៥១ ដែលកំពុងឈរជើង សហការជាមួយកម្លាំងចម្រុះនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ។
លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា៖ការចុះពិនិត្យនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតនេះ ដោយបានសហកាជាមួយកងកម្លាំងបីរួមមានៈកងកម្លាំងយោធា កម្លាំងកងរាជអាវុធហត្ថ កម្លាំងនគរបាល គឺធ្វើទៅតាកកិច្ចព្រមព្រៀងរវាងភាគីទាំងពីរនាពេលកន្លងមក ពោលគឺធ្វើការត្រួតពិនិត្យកំដៅលើតៃកុងរថយន្ត និងធ្វើការពិនិត្យលើទ្រុងរថយន្ត ដែលបានដាក់ទំនិញ ដើម្បីការពារក្រែងមានការលួចបង្កប់ពលករឆ្លងដែនខុសច្បាប់។
ជាមួយគ្នានោះដែរលោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការស្តីទី យោធភូមិភាគទី៥ បានដាក់បទបញ្ជាដាច់ខាតដល់កងកម្លាំងទាំងអស់ ត្រូវអនុវត្តបទបញ្ជាថ្នាក់លើ ម៉ឺងម៉ាត់បំផុត ដើម្បីធានាបានគ្មានការលួចឆ្លងដែនចូលដោយមិនបានធើ្វចត្តាឡីស័ក គ្រប់បណ្តាគោលដៅ ត្រូវយកចិត្ដទុកដាក់ រឹតបន្តឹង និងល្បាតត្រួតពិនិត្យ២៤ម៉ោងលើ២៤ម៉ោង មិនឲ្យមានប្រជាពលរដ្ឋឆ្លងដែន គេសវេសធ្វើចត្តាឡីស័កដាច់ខាត នៅតាមគោលដៅដែលទទួលខុសត្រូវ។ពិសេសរកឱ្យឃើញនូវមេខ្យល់លួចនាំប្រជាពលរដ្ឋខ្មែរ ចូលតាមគ្រប់រូបភាព ដើម្បីចាត់វិធានការតាមផ្លូវច្បាប់៕