អន្តរជាតិ ៖ រដ្ឋធានីហ្សាការតារបស់ប្រទេសឥណ្ឌូនេស៊ី បានគំរាមប្រជាជនដោយពិន័យជាប្រាក់រហូតដល់៥ លានរូពី (៣៥៦,៨៩ ដុល្លារអាមេរិក) ចំពោះអ្នកមិនព្រមចាក់វ៉ាក់សាំង COVID-19 ដែលនេះ ជាការដាក់ពិន័យយ៉ាងធ្ងន់ធ្ងរ ក្នុងគោលបំណងធានាឲ្យមានការអនុលោមតាមបទប្បញ្ញត្តិថ្មី។នេះបើយោងតាមប្រភពពីសារព័ត៌មាន CNA។
អភិបាលរងក្រុងហ្សាការតាលោក Ahmad Riza Patria បាននិយាយថាអាជ្ញាធរទីក្រុងគ្រាន់តែអនុវត្តតាមច្បាប់ហើយការដាក់ពិន័យបែបនេះគឺជាមធ្យោបាយចុងក្រោយនៅក្នុងទីក្រុងហ្សាកាតា ខណៈទីក្រុងនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ប្រហែល១ភាគ៤ក្នុងចំណោមអ្នកឆ្លងជាង១.២លាននាក់របស់ប្រជាជាតិប្រជុំកោះមួយនេះ។
លោក Riza បានប្រាប់អ្នកយកព័ត៌មានថា “ប្រសិនបើអ្នកបដិសេធចាក់វ៉ាក់សាំង មានរឿងពីរយ៉ាង មួយគឺជំនួយសង្គមនឹងមិនត្រូវបានផ្តល់ជូនទេ និងមួយទៀតគឺការពិន័យ”។
ឥណ្ឌូនេស៊ីកំពុងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលធំបំផុត នៃជំងឺរាតត្បាតក្នុងតំបន់អាស៊ី ហើយប្រទេសនេះ មានគោលបំណងប្រមូលផ្តុំប្រជាជន១៨១.៥លាននាក់ក្នុងចំណោមប្រជាជនសរុប២៧០លាននាក់ក្នុងរយៈពេល១៥ខែ ក្រោមកម្មវិធីចាក់វ៉ាក់សាំងដែលបានចាប់ផ្តើមកាលពីខែមុន។
ប្រជាជនឥណ្ឌូនេស៊ីជិត៣៤,០០០នាក់ ត្រូវបានគេដឹងថាស្លាប់ ដោយសារវីរុសកូរ៉ូណា។
មន្ត្រីក្រសួងសុខាភិបាលលោកស្រី Siti Nadia Tarmizi បាននិយាយថា “ការដាក់ទណ្ឌកម្មគឺជាកិច្ចខិតខំចុងក្រោយរបស់យើង ដើម្បីលើកទឹកចិត្តឲ្យមានការចូលរួមពីប្រជាជន។ គោលដៅលើប្រជាជន១៨១.៥លាននាក់គឺធំធេងណាស់”។
យោងតាមការស្ទង់មតិកាលពីខែធ្នូ ដោយវិទ្យាស្ថានស្រាវជ្រាវនិងប្រឹក្សា Saiful Mujani បានបង្ហាញថា មានតែ៣៧ភាគរយប៉ុណ្ណោះនៃអ្នកឆ្លើយតប១,២០២នាក់ ដែលមានឆន្ទៈក្នុងការចាក់វ៉ាក់សាំងខណៈ ៤០ភាគរយមិនមានការសម្រេចចិត្តនិង១៧ភាគរយ បដិសេធ៕