ខេត្តរតនគីរី ៖ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ មានប្រារព្វពិធីសម្ពោធបើកការដ្ឋានជួសជុលកំណាត់ផ្លូវជាតិលេខ៧៨-៥ ប្រវែង១៦៥០ម៉ែត្រ ទទឹង១៤ម៉ែត្រ ចាប់ពីចំណុចមុខផ្សារទំនើបស៊ីត្រា ដល់ចំណុចមុខសណ្ឋាគារSN បឹងកំសាន្ត ស្ថិតនៅសង្កាត់បឹងកន្សែង ក្នុងក្រុងបានលុង ក្រោមអធិបតីភាព ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី។
លោក សាយ សាមាន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរីបានលើកឡើងថា ការជួសជុលផ្លូវនេះជាប្រភេទគ្រឹះថ្មម៉ិច និងក្រាលកៅស៊ូពីរជាន់(DBST) ដោយប្រើប្រាស់កញ្ចប់ថវិកាជាតិ តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អនុវត្តគម្រោងជួសជុលឡើងវិញដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី។ លោក សាយ សាមានបន្តថាផ្លូវជាតិលេខ ៧៨-៥ ជាផ្លូវមួយយ៉ាងសំខាន់សំរាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងក្រុងបានលុង ហើយបានតភ្ជាប់ឆ្ពោះទៅ បណ្ដាស្រុកអូរជុំ , វើនសៃ និងស្រុកតាវែង ដែលមានចរាចរណ៍យ៉ាងមមារញឹក។ លោកប្រធានមន្ទីរបានស្នើអោយប្រជាពលរដ្ឋក្នុងក្រុងបានលុងជាពិសេសអ្នកដែលរស់នៅតាមបណ្តោយផ្លូវ៧៨-៥ទាំងអស់ ចូលរួមបង្កលក្ខណៈងាយស្រួល និងផ្តល់កិច្ចសហការជាមួយ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តដើម្បីជំរុញឲ្យគម្រោងជួសជុលនេះ អាចដំណើរការបានដោយរលូន និងសំរេចជោគជ័យតាមការគ្រោងទុក ។
មានប្រសាសន៍សំណេះសំណាលនាឱកាសនេះឯកឧត្តម ថង សាវុន បានចាត់ទុកហេដ្ឋារចនាផ្លូវ ស្ពានជាសសៃឈាមក្នុងការជម្រុញកំណើនសេដ្ឋកិច្ចជាតិ និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋតាមរយៈការដឹកជញ្ជូន
កសិផលផ្សេងៗ ដែលប្រមូលផលបានទៅកាន់ទីផ្សារ ក៏ដូចជាការងាយស្រួល ក្នុងការដឹក សំភារៈឧបភោគ
បរិភោគ និងសំភារៈសំណង់ ដែលផ្គត់ផ្គង់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនពីទីផ្សារ ។ ដើម្បីដំណើរការជួសជុល ផ្លូវនេះអោយទទួលបានជោគជ័យឯកឧត្តមអភិបាលខេត្តសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ មេត្តាជួយសហការ កុំដឹកជញ្ជូនសំពីងសំពោង និងដឹកគ្រួស ថ្មខ្សាច់ ដោយគ្មានការវេចខ្ចប់ឱ្យបានត្រឹមត្រូវ ។ ពិសេសអាជ្ញាធរដែនដី មេត្តាផ្សព្វផ្សាយអោយបានទូលំទូលាយ ដល់ប្រជាពលរដ្ឋរបស់ខ្លួនដែលរស់នៅ តាមបណ្តោយផ្លូវ សូមចូលរួមសហការសម្របសម្រួលរាល់បញ្ហាដែលប៉ះពាល់ដល់ផលប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋ។
ទាក់ទងនិងស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលអោយមនុស្សស្លាប់របួស ពិការជារៀងរាល់ថ្ងៃ ឯកឧត្តម
អភិបាលខេត្តបានសំណូមពរដ៏ទទូចដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលធ្វើដំណើរលើដងផ្លូវ សូមនាំគ្នាគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា ដើម្បីធានា ការពារ អាយុជីវិត ក្នុងពេលធ្វើដំណើរបើកបររថយន្តត្រូវពាក់ខ្សែក្រវ៉ាត់ បើកម៉ូតូត្រូវពាក់មួកសុវត្ថិភាព និងបើកបរ មិនលើសល្បឿនកំណត់ បើពុំនោះទេបងប្អូននិងត្រូវទទួលការផាកពិន័យ។ ដោយឡែកមន្ទីរអង្គភាពទាំងអស់ជុំវិញខេត្ត ណែនាំដល់មន្ត្រីក្រោមឱវាទអោយគោរពច្បាប់ចរាចរណ៍ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួនផង និងជាគំរូដល់ប្រជាពលរដ្ឋផង។ ហើយបើរកឃើញថាមន្ត្រីរាជការណាដែលមិនគោរពតាមច្បាប់ចរាចរណ៍អាចប្រឈមនឹងមិនអោយឡើងថ្នាក់ឬបុណ្យស័ក្ដិផងដែរ ។
ឆ្លើយតបនិងសភាពការណ៍ ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដែលកំពុងមានឆ្លងរាតត្បាត ជំងឺកូវីដ-១៩
ក្នុងសហគមន៍ ឯកឧត្តម ថង សាវុន បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋក្នុងខេត្តរតនគិរី បន្តការថែរក្សាការពារ
ខ្លួនហើយមិនមានការចាំបាច់ទេសូមកុំធ្វើដំណើរទៅភ្នំពេញពីព្រោះថាទីក្រុងភ្នំពេញកំពុងមានការផ្ទុះជំងឺកូវីដ
-១៩ក្នុងសហគមន៍ និងត្រូវគោរពតាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាលនូវ វិធានការ៣កុំ ៣ការពារ ដើម្បីយើងរួមគ្នាប្រយុទ្ធប្រឆាំងជំងឺដ៏កាចសាហាវនេះ៕