ខេត្តព្រះវិហារ ៖ រថយន្តបែនដឹកដី ប្រភេទ DAEWOO មួយគ្រឿង ដែលលោតឆត្រ័មានផ្ទុកឈើលេខ២ ជាង១ម៉ែត្រគូបត្រីគុណ បានរងការបង្ក្រាប និងពីមន្ត្រីផ្នែករដ្ឋបាលព្រៃឈើជាំក្សាន្ត កាលពីថ្ងៃទី២១ កុម្ភះ ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិសែនរុងរឿង៣ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ បានប្រាប់ឲ្យដឹងថា ឈ្មួញខិលខូចតែងបានលបលួចប្រើប្រាស់មធ្យោបាយតាមគ្រប់រូបភាព ដើម្បីដឹកជញ្ជូនឈើបំភ័ន្តភ្នែកសមត្ថកិច្ច ប៉ុន្តែក្រោយពីបានដឹងថា មានរយន្តបែនដឹកដីមួយគ្រឿង មិនទៅដឹកដីបែរជាយកមកដឹកឈើនោះរួចមក មន្ត្រីផ្នែកជាំក្សាន្ត បានរាយការណ៍ជូន នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត លោក នួន សុខុម ហើយលោកនាយខណ្ឌបានបញ្ជាឲ្យចុះឃាត់រថយន្តនោះ នាំយកមកអនុវត្តតាមច្បាប់។
មន្ត្រីព្រៃឈើដដែលបានឲ្យដឹងថា រថយន្តដែលបង្ក្រាបបានពេលកំពុងធ្វើសកម្មភាពលើកឈើនោះ ជាប្រភេទ DAEWOO ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3B-9299 ផ្ទុកឈើនៅក្នុងនោះ មានចំនួន ៥១សន្លឹក ស្មើនឹង ១ម៉ែត្រត្រីគុណ ៩១៩ (មួយម៉ែត្រត្រីគុណ ប្រាំបួនរយកៅសិបប្រាំបួន) ជាប្រភេទឈើអារលេខ២ (ឈើត្រាច) ក្រោយការបង្ក្រាប រថយន្តដឹកឈើត្រូវបាននាំយកមករក្សាទុក នៅផ្នែករដ្ឋបាលព្រៃឈើជាំក្សាន្ត ដើម្បីចងក្រងសំណុំរឿង បញ្ជូនទៅតុលាការខេត្តព្រះវិហារ ៕