ខេត្តរតនគិរី ៖នៅវេលាម៉ោង២ រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០២១ ត្រង់ចំណុចចម្ការស្វាយចន្ទីមួយកន្លែង ស្ថិតនៅក្នុងភូមិធួយអំពិល ឃុំចាអ៊ុង ស្រុកអូរជុំ។ យុវជនម្នាក់បានប្រើអំពើហិង្សាលើក្មេងស្រី២នាក់បងប្អូនបង្កើតបណ្តាលឲ្យរងរបួសធ្ងន់ បន្ទាប់ពីសុំស្នេហាលើរូបនាងមិនបាន ហើយត្រូវបាននគរបាលមូលដ្ឋានចាប់ឃាត់ខ្លួន។
យោងតាមរបាយការណ៍របស់នគរបាលស្រុកអូរជុំបានឲ្យដឹងថា យុវជនបង្កឈ្មោះ ហេវ ត្រង់ត្រៀវ ភេទប្រុស អាយុ២០ឆ្នាំជនជាតិគ្រឹង មុខរបរ មិនពិតប្រាកដ រស់នៅភូមិ/ឃុំកើតហេតុខាងលើជនបង្កបានយកដំបងឈើជ្រុងវាយទៅលើជនរងគ្រោះ បណ្តាលឲ្យរងរបួសធ្ងន់ ចំក្បាលទាំងពីនាក់បងប្អូនបង្កើតមានឈ្មោះ ៖
១-ឈ្មោះ ក្លង ជូច ភេទស្រី អាយុ១៤ឆ្នាំ ជនជាតិគ្រឹង មុខរបរ ជាសិស្ស រស់នៅភូមិ/ឃុំកើតហេតុខាងលើ បណ្តាលឲ្យរបួសធ្ងន់ចំក្បាល។
២-ឈ្មោះ ក្លង ដូច ភេទស្រី អាយុ១១ឆ្នាំ ជនជាតិគ្រឹងមុខរបរជា សិស្ស របួសធ្ងន់ចំក្បាលដូចគ្នា។
ផ្តើមមូលហេតុនៃការបង្កហិង្សានេះ ជនបង្កកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ បានសុំស្រលាញ់ជនរងគ្រោះ ប៉ុន្តែជនរងគ្រោះមិនព្រមស្រលាញ់ធ្វើឲ្យជនបង្កខឹងសម្បាយ៉ាងខ្លាំងក៏ប្រើអំពើហិង្សាទៅ។
ក្រោយពីធ្វើសកម្មភាពរួច កម្លាំងជំនាញ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំចាអ៊ុង បានធ្វើការចុះស្រាវជ្រាវតាមរកជនបង្ក ពេលស្រាវជ្រាវរកឃើញក៏បាននាំខ្លួនជនបង្កមកអធិការរដ្ធាននគរបាលស្រុកអូរជុំ ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី។
បច្ចុប្បន្នជនរងគ្រោះទាំង២នាក់បងប្អូនត្រូវបានអាណាព្យាបាលយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី៕