រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសពីការសម្រេច បិទសាលារៀនទាំងរដ្ឋនិង ឯកជន រយៈពេល២សប្តាហ៍ដោយសារតែការរាលដាលកូវីដ-១៩ កាន់តែធ្ងន់ធ្ងរ ។ ចំណែកក្រសួងក្រសួងអប់រំ យុវជននិងកីឡា បានចេញនូវសេចក្តីជូនដំណឹងស្តីពីការផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនជាបណ្តោះអាសន្នរយៈពេល២សប្តាហ៍នៅរាជធានីភ្នំពេញ និងខេត្តកណ្តាលជាផ្លូវការផងដែរ ។
ចំពោះបងប្អូនដែលត្រូវរៀបពិធីមង្គលការក្នុងកាលៈ ទេសៈ នេះ សម្តេចបានស្នើឲ្យមានការពន្យាពេល ប៉ុន្តែបើមិនអាច ពន្យាបានទេ គួរកាត់បន្ថយចំនួនភ្ញៀវឲ្យនៅតិចបំផុត ។
សម្តេចក៏បានស្នើឲ្យអ្នកជាប់ពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ ដែលមានអ្នករត់តាក់ស៊ី ម៉ូតូឌុប ឬ អ្នករត់កងបី សុំទៅយកសំណាកនិងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។
សម្តេចក៏បានអំពាវនាវឲ្យពលរដ្ឋនៅភ្នំពេញ បើមិនមានការចាំបាច់កុំចេញទៅក្រៅផ្ទះ និងបានស្នើទៅអ្នកនៅតាមបណ្តា ខេត្ត គួរពន្យាពេលមកកាន់រាជធានីភ្នំពេញមួយរយៈ ប្រសិន បើមិនមានការចាំបាច់ទេនោះ ៕