រាជធានីភ្នំពេញ ៖ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ អាជ្ញាធរប្រទេស កម្ពុជា បានសម្រេចបណ្តេញ លោក Shen Kaidong ជនជាតិចិន ហើយជានាយកសារព័ត៌មាន Angkor Today ចេញពីកម្ពុជា ក្រោយពីសារព័ត៌មាននេះផ្សព្វផ្សាយបំភ្លៃការពិតថា ៖ កម្ពុជាលក់វ៉ាក់សាំង ដែលជាជំនួយរបស់ចិន ។
ចំណែកក្រសួងព័ត៌មានក៏បានសម្រេចដកហូតអាជា្ញប័ណ្ណ ការបើកអាជីវកម្ម របស់កាសែត Angkor Today ដោយសារតែហេតុផល ដូចគ្នានេះផងដែរ ។
សូមជម្រាបថា ក្រសួងមហាផ្ទៃកម្ពុជា បានប្រកាស តាមរយៈលិខិតលេខ ៦៦៧ ប្រក ចុះហត្ថលេខា ដោយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ ដោយសម្រេចបណ្ដេញចេញពី ព្រះរាជាណាចក្រកម្ពុជា ចំពោះជនបរទេសឈ្មោះ Shen Kaidong ជនជាតិចិន សញ្ជាតិចិន កើតនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ១៩៦៩ លិខិតឆ្លងដែនលេខ E99812704 ពាក់ព័ន្ធបទល្មើស ប្រព្រឹត្តនៅព្រះរាជាណាចក្រកម្ពុជា ទៅប្រទេសដើមវិញ និងហាមឃាត់ចូលព្រះរាជាណាចក្រកម្ពុជា ជាថ្មី។
សមត្ថកិច្ចបានចាប់ខ្លួននាយកសារព័ត៌មាន Angkor Today ដែលបានផ្សព្វផ្សាយព័ត៍មាន ជាភាសាចិនថា នៅកម្ពុជា ជំនួយវ៉ាក់សាំងការពារកូវីដ ១៩ របស់ចិន ត្រូវបានលក់។ ការចាប់ខ្លួននេះ បានធ្វើឡើង កាលពីរសៀល ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ នៅក្នុងខេត្តសៀមរាប ៕