រាជធានីភ្នំពេញ ៖ នាវេលាម៉ោង១២, ៣០នាទី រសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ មានករណីអគ្គិភ័យ បានកើតឡើងនៅចំណុច ផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយបានបំផ្លាញផ្ទះឈើលើ ថ្មខាងក្រោមមួយខ្នងខ្ទេចគ្មានសល់ ។
សមត្ថកិច្ចបានបញ្ជាក់ថា ម្ចាស់ផ្ទះឈ្មោះ អ៊ុង ជួន ភេទស្រី អាយុ ៥៧ ឆ្នាំ ។ ក្នុងហេតុការណ៍អគ្គិភ័យនេះ បានបណ្តាល ស្ត្រីម្នាក់ ឈ្មោះ អ៊ុង ចន្ធូ អាយុ ៣១ ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុ រងរបួសជើង ដោយការរលាក។
ចំពោះមូលហេតុដែលបង្កឱ្យឆេះនេះ គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី បង្កជាអគ្គិភ័យឆាបឆេះឡើង ហើយក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចជំនាញបានប្រើប្រាស់ រថយន្ត បាញ់ពន្លត់អស់ ៤ គ្រឿង ដោយរថយន្តរបស់ការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ៣ គ្រឿង និងរថយន្តរបស់បុរីប៉េងហួត ១គ្រឿង មិនឱ្យរាលដាលដល់ ផ្ទះអ្នកជិតខាងនោះឡើយ ៕