ខេត្តកំពង់ធំ ៖ ល្ងាចថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពងធំ បានអញ្ជើញអភិសេករូបសំណាក់ អាចារ្យ លាក់ ដោយបានថ្លែងថា ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពក្រុងស្ទឹងសែន រដ្ឋបាលបាលខេត្តកំពង់ធំ បានសម្រេចឲ្យមានការស្ថាបនាសាងសង់សួនច្បារ និងរូបសំណាកអាចារ្យលាក់ សិតពីស្ពាន់ និងលោហធាតុផ្សេងៗ ដែលមានកំពស់ ៤,៥ម៉ែត្រ ទំងន់ប្រហែល ២,៥តោន កម្ពស់ជើងទម្រ ៥,៤៥ម៉ែត្រ សរុបទាំងអស់ ៩,៩៥ម៉ែត្រ ដែលពិធីបុណ្យនេះ ត្រូវបានប្រារព្ធធ្វើរយៈពេលពីរថ្ងៃ នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅផ្លូវច្រមុះជ្រូក (ចំណុចផ្លូវប្រសព្វ ផ្លូវវាងក្រុងស្ទឹងសែន) ភូមិក្រចាប់ សង្កាត់អាចារ្យលាក់ ក្រុង ស្ទឹងសែន ។
ឯកឧត្តមសុខ លូមានប្រសាសន៍ថា រូបសំណាកអាចារ្យលាក់ គឺជារបស់យើងទាំងអស់គ្នា កើតចេញពីយើងទាំងអស់គ្នា ហើយសមិទ្ធិផលទាំងនេះអាចកើតមានបាន លុះត្រាប្រទេសជាតិមានសុខសន្តិភាព ព្រមទាំងមានការចូលរួមពីមន្ត្រីសង្ឃគ្រប់លំដាប់ថ្នាក់ ឯកឧត្តម លោកជំទាវលោក លោកស្រី មន្ត្រីរាជការជុំវិញខេត្ត សប្បុរសជន ពុទ្ធបរិស័ទ្ធជិតឆ្ងាយ ក្មួយៗ សិស្សានុសិស្សទាំងអស់ ដែលបានរួមកម្លាំងសាមគ្គី។
ឯកឧត្តមអភិបាល ខេត្ត បាន រៀបរាប់ ពី ជីវប្រវត្តិរូបសំណាកអាចារ្យលាក់នេះ ដើម្បីរំឭកអំពីប្រវត្តិនៃការតស៊ូ ជាមេទ័ពអង់អាចក្លាហាន ហើយក៏ជាបុគ្គលមួយរូបដែលមានមន្តអាគមក្នុងការព្យាបាលជម្ងឺ និងចេះក្បាច់គុណខ្លាំងពូកែ ជាពិសេសគឺការប្រើដាវ។ ក្រោយមកនៅខែធ្នូ ឆ្នាំ១៨៦៧ លោកត្រូវបានគេសម្លាប់។
ឯកឧត្តមអភិបាល ខេត្ត បន្តទៀតថា វីរៈភាពតស៊ូរបស់លោកអាចារ្យលាក់ ត្រូវបានគេចងចាំជានិច្ច ហើយសព្វថ្ងៃនេះ យើងឃើញមានភូមិមួយនៃខេត្តកំពង់ធំក៏មានឈ្មោះថា ភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់ ៕