ខេត្តឧត្តរមានជ័យ ៖ ឯកឧត្ដម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ បានដឹកនាំក្រុមការងារចុះពិនិត្យមើលការសាងសង់ស្ពានប្រអប់ចំនួន២កន្លែង និងផ្លូវលំមួយខ្សែ តភ្ជាប់ទៅកាន់តំបន់ប្រវត្តិសាស្ត្រ ផ្ទះប៉ុលពត ដែលជាអំណោយរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ស្ថិតនៅចំណុចក្បាលទន្សោង ក្នុងស្រុកអន្លង់វែង ជាប់ព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ។
ឯកឧត្ដម ប៉ែន កុសល្យ បានថ្លែងថា ស្ពានប្រអប់ចំនួន២កន្លែង និងផ្លូវលំមួយខ្សែតភ្ជាប់ទៅកាន់តំបន់ប្រវត្តិសាស្ត្រផ្ទះប៉ុលពត ដែលកំពុងសាងសង់នេះ ជាអំណោយដ៏ថ្លែថ្លារបស់ឯកឧត្ដមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។
ឯកឧត្ដមអភិបាលខេត្ត បានបន្តថា តំបន់ប្រវត្តិសាស្រ្ត លើភ្នំដងរ៉ែក ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បច្ចុប្បន្នយើងកំពុងរៀបចំកែសម្រួលផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត ដើម្បីឲ្យតំបន់ប្រវត្តិសាស្ត្រមួយនេះ ក្លាយជាតំបន់រម្មណីយដ្ឋានទេសចរប្រវត្តិសាស្ត្រ សម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ដែលមានបំណងចង់មកលេងកំសាន្តឲ្យមានភាពងាយស្រួល។
ឯកឧត្ដមអភិបាលខេត្តឧត្តរមានជ័យ ក៏បានផ្តាំផ្ញើ និងណែនាំបន្ថែមដល់កងកម្លាំងប្រដាប់អាវុធទាំង៣ ដែលកំពុងឈរជើងតាមព្រំដែនកម្ពុជា-ថៃ ត្រូវយកចិត្តទុកដាក់ឲ្យបានតឹងរឹង ត្រួតពិនិត្យមើលសកម្មភាពនានាតាមព្រំដែន ជាពិសេសគឺឃាត់ឲ្យបាននូវពលរដ្ឋលួចឆ្លងដែនកាប់ឈើក្នុងប្រទេសជិតខាង៕