ខេត្តព្រះវិហារ ៖អនុវត្តតាម ប្រសាសន៍ដាស់តឿនដល់អាជ្ញាធរក្រុង-ស្រុកទាំង៨ របស់អភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ បានធ្វើឡើងក្រោយពីទទួលបានបទបញ្ជាពី ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ពីការរីករាលដាលជំងឺកូវីដ១៩ ចូលទៅក្នុងសហគមន៍ ក្នុងព្រឹត្តិការណ៍២០កុម្ភៈ ២០២១ នៅក្នុងតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ និងនៅក្នុងតំបន់មួយចំនួនទៀត នៅក្នុងខេត្តកណ្ដាល នោះមក។
នៅថ្ងៃទី២៥ កុម្ភះ ម្សិលមិញ អភិបាលក្រុងព្រះវិហារ លោក ប៉ុក ងួន បានដឹកនាំមន្ត្រីរដ្ឋបាលក្រុង និងសង្កាត់ ចុះផ្សព្វផ្សាយពីបទបញ្ជា ៦ចំណុចរបស់ ប្រមុខរាជរដ្ឋាភិបាល និងសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា និងការចែកម៉ាស ជូនដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
អភិបាលក្រុងព្រះវិហារ លោក ប៉ុក ងួន បានថ្លែងឲ្យដឹងថា នៅរយៈពេលថ្មីៗកន្លងមកនេះ រដ្ឋបាលក្រុងព្រះវិហារ ទទួលបានការណែនាំបន្ថែមទៀត ពីអភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ ឲ្យបង្កើនការចុះផ្សព្វផ្សាយពីបទបញ្ជា ៦ចំណុចរបស់ ប្រមុខរាជរដ្ឋាភិបាល និងសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា ជូនដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ឲ្យមានការយល់ដឹងបន្ថែមទៀត ពីវិធានការ ការពារ ការឆ្លងជំងឺកូវីដ១៩ ក្រោយការផ្ទុះជំងឺដ៏កាចសាហាវនេះ ចូលក្នុងក្នុងសហគមន៍ ក្នុងព្រឹត្តិការណ៍២០កុម្ភះ ដែលជាព្រឹត្តិការណ៍ឆ្លងជាលើកទី៣។
លោក ប៉ុក ងួន បានបន្តថា ដើម្បីរកវិធានការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ឆ្លងចូលដល់ក្នុងសហគមន៍ឲ្យមានប្រសិទ្ធិភាពនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញបទបញ្ជា និងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យអនុវត្តវិធានការណ៍ ៦ចំណុច ទើបអាចយកឈ្នះ លើជំងឺកូវីដ១៩ បានដោយជោគជ័យ ដែលវិធានការទាំងនោះ រួមមាន ៣ការពារ គឺ១.ពាក់ម៉ាស់ ,២.លាងដៃ ,៣.គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល (ចាប់ពី១ម៉ែត្រកន្លះឡើងទៅឲ្យបានគ្រប់ៗគ្នា នៅគ្រប់ទីកន្លែង និងអនុវត្តឲ្យបានគ្រប់ៗគ្នា។ និងវិធានការ៣កុំ គឺ ១.កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក រកកន្លែងមានខ្យល់ចេញចូល ,២.កុំទៅកន្លែងមនុស្សច្រើនកុះករ និងទី៣ កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា និងកុំអោបគ្នាជាដើម៕