រាជធានីភ្នំពេញ ៖តាមប្រភពព័ត៌មានបឋម នៅវេលាម៉ោងប្រមាណ១១ព្រឹក ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១នេះ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកប្រតិបត្តិការចុះបង្ក្រាបពួកក្រុមឧក្រិដ្ឋជន ក្នុងករណីប្លន់បាញ់សម្លាប់ និងចាប់ជំរិត ដែលមានទីតាំងក្នុងបុរីអង្គរភ្នំពេញ ស្ថិតនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ។ឧក្រិដ្ឋជនបានប្រើប្រាស់កាំភ្លើងវែង និងខ្លីជាច្រើនដើម បាញ់ស្រោចមកលើកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ហើយភ្លាមនោះដោយប្រើប្រាស់សិទ្ធិការពារខ្លួន បាញ់ត្រឡប់ទៅវិញ បណ្ដាលឲ្យក្រុមជនល្មើសស្លាប់ចំនួន៤នាក់ នៅកន្លែងកើតហេតុ។
បច្ចុប្បន្នកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាច្រើននាក់ កំពុងធ្វើការឡោមព័ទ្ធ ជុំវិញពីទីតាំងកន្លែងកើតហេតុ ដោយមានការប្រុងប្រយ័ត្នបំផុត ខណៈក្រុមឧក្រិដ្ឋជនមានកាំភ្លើង។
ចំពោះព័ត៌មានលម្អិត នឹងធ្វើការផ្សាយជូនជាបន្តទៀត៕