រាជធានីភ្នំពេញ ៖ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួង សាធារណការ និងដឹកជញ្ជូន បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ស្ពានឆ្លងទន្លេភ្ជាប់ស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម និងស្រុកក្រូចឆ្មារខេត្តត្បូងឃ្មុំ ដែលជាគម្រោងជំនួយឥតសំណងរបស់ រដ្ឋាភិបាលចិន ជូនចំពោះភាគីកម្ពុជា រហូតមកដល់បច្ចុប្បន្ននេះ សម្រេចបាន ៩៦% ហើយគ្រោងនឹងដាក់ឱ្យប្រើប្រាស់ មុនពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ ។
លោករដ្ឋមន្ត្រីបញ្ជាក់បន្ថែមថា ស្ពាននេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ ដើម្បីសម្រួលដល់បងប្អូនប្រជាពលរដ្ឋ ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ នៅត្រើយខាងកើត និងត្រើយខាងលិច ទន្លេមេគង្គ។ ស្ពាននេះ មានប្រវែងសរុប ១.១៣១ ម៉ែត្រ និង ទទឹង ១៣,៥០ ម៉ែត្រ ត្រូវបានបើកការដ្ឋានកាលពី ខែកុម្ភៈ ឆ្នាំ២០១៨ ដោយគ្រោងចំណាយថវិកាសរុប ៥៦,៩៩៨ លានដុល្លារសហរដ្ឋអាមេរិក៕