ខេត្តបន្ទាយមានជ័យ ៖ នៅទីបំផុត ជនដៃដល់ដែលសម្លាប់ស្ដ្រីម្នាក់ជាបុគ្គលិកកាស៊ីណូ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានកម្លាំងនគរបាលតាមស្រាវជ្រាវចាប់ខ្លួនបានហើយ នៅវេលាម៉ោងជាង៩យប់ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១នេះ នៅខេត្តសៀមរាប។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានបញ្ជាក់ថា ប្រតិបត្តិការនេះធ្វើឡើងដោយកម្លាំងនគរបាលខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងនគរបាលខេត្តសៀមរាប និងកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រោមការសម្របសម្រួលពីតំណាងអយ្យការផងដែរ។
លោកឧត្តមសេនីយ៍ស្នងការបានបន្ថែមថា ករណីនេះជាករណីរំលោភសម្លាប់ ហើយនៅពេលឃាត់ខ្លួន កម្លាំងសមត្ថកិច្ច ក៏ដកហូតបានកាំបិតដែលជាវត្ថុតាងសម្រាប់ធ្វើសកម្មភាពមួយផងដែរ បច្ចុប្បន្នជនដៃដល់ កម្លាំងជំនាញកំពុង ធ្វើការសួរនាំ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។
សូមរំលឹកថា ស្ដ្រីបុគ្គលិកកាស៊ីណូម្នាក់ ត្រូវបានប្រទះឃើញដេកស្លាប់ក្នុងបន្ទប់ជួល បង្កឲ្យមានការភ្ញាក់ផ្អើលនៅយប់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ស្ដ្រីរងគ្រោះឈ្មោះ ហួន ស្រី អាយុ២៣ឆ្នាំ ជាបុគ្គលិកកាស៊ីណូមួយ ស្នាក់នៅបន្ទប់ជួលលេខ៥ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានមានជ័យ៕