រាជធានីភ្នំពេញ ៖ ដំណឹងបឋម នាយប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១កន្លងទៅនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យ និងអនុវត្តវិធានការរដ្ឋបាលចំពោះអាជីវកម្មក្លឹបកំសាន្ត, ខារ៉ាអូខេ(KTV) និងបារបារាំង ដែលបានលួចលាក់បើកដំណើរការបំពាននឹងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ។
នេះបើតាមសេចក្ដីរាយការណ៍ អាជ្ញាធរសម្រេចបិទទីតាំង ដកហូតអាជ្ញាប័ណ្ណទាំងភោជនីយដ្ឋាន និងខារ៉ាអូខេ (KTV) ១.ខារ៉ាអូខេ ANGEL PALACE ក្នុងខណ្ឌ៧មករា ២.ខារ៉ាអូខេ អាត់ជួង ក្នុងខណ្ឌមានជ័យ ៣.បារបារាំង ជិត១០កន្លែង នៅក្នុងខណ្ឌដូនពេញ ដោយសារម្ចាស់ទីតាំងល្មើស នឹងការណែនាំរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល ដែលបាននិងកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ប្រភពបានឲ្យដឹងទៀតថា ម្ចាស់ទីតាំងត្រូវប្រឈមមុខចំពោះច្បាប់ជាធរមាន ចំពោះ មនុស្សប្រុសស្រីដែលជាបុគ្គលិក បម្រើការក្នុងទីតាំងខាងលើ និងភ្ញៀវ សរុបប្រមាណជិត៥០នាក់ ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ន បញ្ជូនទៅស្នងការក្រុង ដេីម្បីរងចាំចំណាត់ការបន្ត៕