រាជធានីភ្នំពេញ ៖ នៅថ្ងៃទី១៦ ខែមិនា ឆ្នាំ២០២១នេះ ឯកឧត្តម បណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌល រាជធានីភ្នំពេញ និង លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ តំណាង ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បាននាំយកអាហារូបករណ៍ពិសេស សិក្សារយៈពេល ១២ឆ្នាំ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគល់ជូនលោកស្រី វ៉េង សុម៉ាលី ដែលត្រូវជាភរិយារបស់លោក ឡៅ វណ្ណា ដែលបានទទួលមរណភាព ដោយសារជំងឺកូវីដ-១៩ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ សម្រាប់ផ្តល់ជូនកូនៗក្នុងបន្ទុកទាំង ៤នាក់ ឲ្យមានឱកាសបានបន្តការសិក្សានៅសាលា ប៊ែលធី អន្តរជាតិ មួយចប់កម្មវិធីសិក្សាទាំងថ្នាក់ចំណេះទូទៅ (ថ្នាក់ទី១ ដល់ទី១២) និងភាសាអង់គ្លេសទូទៅ (Preschool ដល់ Level 12) ក្នុងនោះ៖
១- ឈ្មោះ ឡៅ លីម៉េង ភេទប្រុស ត្រូវចូលរៀនថ្នាក់ចំណេះទូទៅ ទី១១ និងភាសាអង់គ្លេសទូទៅ Level 9
២- ឈ្មោះ ឡៅ លីជីន ភេទប្រុស ត្រូវចូលរៀនថ្នាក់ចំណេះទូទៅ ទី៦ និងភាសាអង់គ្លេសទូទៅ Preschool 1
៣- ឈ្មោះ ឡៅ សុម៉ាលីន ភេទស្រី ត្រូវចូលរៀនថ្នាក់ចំណេះទូទៅ ទី២ និងភាសាអង់គ្លេសទូទៅ Preschool 1
៤- ឈ្មោះ ឡៅ លីហេង ភេទប្រុស ត្រូវចូលរៀនថ្នាក់ចំណេះទូទៅ ទី១ និងភាសាអង់គ្លេសទូទៅ Preschool 1 ។
ចំពោះ អាហារូបករណ៍ពិសេស នេះរួមមាន៖
១-អាហារូបករណ៍ ១០០% សិក្សាមួយចប់កម្មវិធីទាំងថ្នាក់ចំណេះទូទៅ និងភាសាអង់គ្លេសទូទៅ
២-ឯកសណ្ឋានម្នាក់ ២កំប្លេ ជារៀងរាល់ឆ្នាំ និង
៣-សៀវភៅពុម្ភសិក្សាទាំងថ្នាក់ចំណេះទូទៅ និងភាសាអង់គ្លេសទូទៅ ១ឈុត ជារៀងរាល់ឆ្នាំ និងវគ្គ។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ក៏បានពាំនាំនូវការផ្តាំសាកសួរសុខទុក្ខ ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយបានសម្តែងនូវការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ សោកស្តាយ និងអាឡោះអាល័យជាទីបំផុត និង សូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធសពឲ្យបានសោយសុខក្នុងឋានសុគតិភពកុំបី ឃ្លៀងឃ្លាតឡើយ។ ហើយ ឯកឧត្តមបណ្ឌិត ក៏បានចូលបុណ្យសពរបស់លោក ឡៅ វណ្ណា ថវិកាចំនួន ២,០០០,០០០៛ (ពីរលានរៀល) ផងដែរ ៕