អន្តរជាតិ ៖ អង្គការសហប្រជាជាតិ(UN)កាលពីថ្ងៃអង្គារ បានថ្កោលទោសចំពោះការស្លាប់យ៉ាងច្រើន នៅក្នុងសហភាពមីយ៉ាន់ម៉ាចាប់តាំងពីរដ្ឋប្រហារថ្ងៃទី១ ខែកុម្ភៈ ដោយព្រមានថា ក្រុមអ្នកតវ៉ាដែលត្រូវបានឃុំខ្លួន កំពុងប្រឈមនឹងការធ្វើទារុណកម្ម ហើយមនុស្សរាប់រយនាក់បានបាត់ខ្លួន។នេះបើយោងតាមប្រភពពីសារព័ត៌មាន CNA។
អ្នកនាំពាក្យការិយាល័យសិទ្ធិមនុស្ស UN លោកស្រី Ravina Shamdasani បានប្រាប់ក្រុមអ្នកយកព័ត៌មានថាចំនួនអ្នកស្លាប់បានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនៅក្នុងប្រទេសមីយ៉ាន់ម៉ាជាទីដែលកម្លាំងសន្តិសុខបានប្រើប្រាស់កម្លាំងដ៍សាហាវប្រឆាំងនឹងក្រុមអ្នកតវ៉ាដោយសន្តិវិធី។
លោកស្រីបានមានប្រសាសន៍ថា បើសរុបទាំងអស់ការិយាល័យបានបញ្ជាក់ថា មនុស្សសរុបចំនួន ១៤៩នាក់បានស្លាប់នៅក្នុងការបង្ក្រាបការតវ៉ាចាប់តាំងពីថ្ងៃទី១ ខែកុម្ភៈ ប៉ុន្តែបានសង្កត់ធ្ងន់ថា ចំនួនពិតប្រាកដគឺពិតជាខ្ពស់ជាងនេះ។
យោងតាមសមាគមជំនួយសម្រាប់អ្នកទោសនយោបាយ (AAPP) បានឲ្យដឹងថា មនុស្សជាង ១៨០ នាក់ត្រូវបានសម្លាប់ រួមទាំង៧៤ នាក់នៅថ្ងៃអាទិត្យតែមួយថ្ងៃប៉ុណ្ណោះ។ ក្រៅពីការសម្លាប់នេះលោកស្រី Shamdasani បានព្រមានថាកម្លាំងសន្តិសុខកំពុងបន្តចាប់ខ្លួននិងឃុំខ្លួនមនុស្សនៅទូទាំងប្រទេសដោយបំពានហើយបច្ចុប្បន្ននេះយ៉ាងហោចណាស់មានមនុស្សចំនួន ២០៨៤ នាក់កំពុងត្រូវបានឃុំខ្លួន៕