ខេត្តព្រះវិហារ ៖ វេទិការទិវាវប្បធម៌រួមគ្នា ដែលជាទីកន្លែងសម្រាប់តាំង ព្រះរាជពិធីបុណ្យអ៊ុទូក អកអំបុក និងសំពះព្រះខែ ដែលវប្បធម៌ដ៏ល្អផូរផង់នេះ ត្រូវគេដឹងថា ដូនតាខ្មែរបានបន្សល់ទុកតាំងពីយូរលង់ណាស់មកហើយ និងនៅគ្រាបច្ចុប្បន្ន កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ សែន ព្រះរាជពិធីបុណ្យនេះ តែងបានប្រារព្ធធ្វើឡើងជារៀលរាល់ឆ្នាំ ដែលជាការរំលឹកដល់គុណូបការៈគុណរបស់បុព្វបុរសខ្មែរ ដែលបានតស៊ូធ្វើសឹកសង្គ្រាមតាមផ្លូវ ផ្តួលរំលំបច្ចាមិត្រ ដែលមានមហិច្ឆតាចង់លេបត្របាក់ដែនដីសុវណ្ណ។
សំណង់វេទិការទិវាវប្បធម៌ជាតិ មួយនេះ បានចាប់ផ្តើមដំណើរការសាងសង់ នៅថ្ងៃទី១៨មីនាឆ្នាំ២០២១ ក្រោមវត្តមាន អភិបាលស្រុកឆែប លោក សុខ សាន្តដារ៉ា ,ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្មសំណង់ និងសូរិយោដីខេត្ត លោក សំ សារឿន ជាសេនាធិការអភិបាលខេត្ត ,លោក អ៊ុយ សាគន្ធ ជំនួយការអភិបាលខេត្តព្រះវិហារ និងមានការចូលរួមពីកម្លាំងនគរបាលប្រចាំព្រំដែន មន្ត្រីនគរបាលមូលដ្ឋាន មន្ត្រីស្រុក និងគណៈកម្មការអាចារ្យវត្ត ដែលវេទិការនេះត្រូវបានសាងសង់ នៅលើដីចំណីដងទន្លេមេគង្គ ស្ថិតនៅក្នុងឃុំកំពង់ស្រឡៅ១ ស្រុកឆែប ខេត្តព្រះវិហារ។
អភិបាលស្រុកឆែប លោក សុខ សាន្តដារ៉ា បានថ្លែងឲ្យដឹងថា ក្រោមការគិតគូ និងឧបត្ថម្ភគាំទ្រ ពីអភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ បានណែនាំឲ្យសហការរី ក្រុមការងារថ្នាក់ខេត្ត និងថ្នាក់ស្រុក សហការគ្នាជាមួយកងកម្លាំង និងអាជ្ញាធរឃុំ រៀបចំពិធីព្រះពិស្ណុការ សុំម្ចាស់ទឹកម្ចាស់ដី ម្ចាស់ព្រៃព្រឹក្សាថែរក្សាដែនដី ដើម្បីសាងសង់ នូវវេទិការបុណ្យអ៊ុទូក អកអំបុក និងសំពះព្រះខែ មួយខ្នង មានទំហំទទឹង ១៥ម៉ែត្រ និងបណ្តោយ ២៧ម៉ែត្រ ដែលបានដំណើរការសាងសង់ចាប់ពីថ្ងៃទី១៨មីនា រហូតដល់ខែវិច្ឆិកាឆ្នាំ២០២១ ចុងឆ្នាំនេះ គឺមានរយៈពេល ៨ខែ ទើបត្រូវបានបញ្ចប់នៅក្នុងការសាងសង់។
លោក សុខ សាន្តដារ៉ា អភិបាលស្រុកឆែប បានចាត់ទុកតំបន់កំពង់ស្រឡៅ គឺជាមជ្ឈមណ្ឌល នៃសក្តានុពលទេសចរដ៏ធំមួយ នៃខេត្តភាគខាងជើងកម្ពុជា ក្រោយពីវិបត្តិជំងឺកូវីដ ១៩ ត្រូវបានបញ្ចាប់ នាពេលខាងមុខនេះ។ លោកបានសម្តែងក្តីសង្ឃឹមយ៉ាងមុតមាំថា ក្រោយពីជំងឺកូវីដ១៩ ផុតរលត់ទៅ ទីតាំងវេទិការទិវាវប្បធម៌រួមគ្នានេះ នឹងទទួលបានការគាំទ្រ និងមានអ្នកទេសចរជាតិ និងអន្តរជាតិ ចូលមកទស្សនាកាន់តែច្រើន ជួយបង្កើនជីវភាពប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់នេះ កាន់ធូរធារទ្វេរឡើងមួយកម្រិតទៀត កាត់បន្ថយបាននូវភាពក្រីក្រ ស្របតាមគោលនយោបាយ រាជរដ្ឋាភិបាលកម្ពុជា ៕