ខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានឃាត់មេខ្យល់ម្នាក់និងគោយន្តកន្ត្រៃ១គ្រឿងលួចដឹកពលករឆ្លងដែនទៅថៃ បញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេក បានឲ្យដឹងថា ជនសង្ស័យជាមេខ្យល់មានឈ្មោះ តេង តុញ ភេទប្រុសអាយុ២៤ឆ្នាំ នៅភូមិល្បើកស្វាយ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។លោកបានបន្តឲ្យដឹងទៀតថានៅវេលាម៉ោង១១និង៣០នាទីយប់កំលាំងចំរុះចុះល្បាតនៅតាមព្រំដែនបានឃាត់គោយន្តកន្ត្រៃ ដឹកពលករលួចឆ្លងដែនទៅប្រទេសថៃចំនួន១៦នាក់ ស្រីចំនួន៦នាក់ ក្នុងនោះកុមារ១នាក់ មកពីខេត្តព្រៃវែង៥នាក់ ខេត្តឧត្តរមានជ័យ៧នាក់ ក្នុងខេត្តបន្ទាយមានជ័យ៤នាក់ កុមារ១នាក់ ត្រង់ចំណុចចំការស្វាយចន្ទី ខាងកើតផ្លូវជាតិលេខ៥៨ ចម្ងាយ៥០០ម៉ែត្រ ខាងជើងភូមិចក់ពួក ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ និងបានធ្វើការដកហូតវត្ថុតាងមធ្យោបាយដឹកជញ្ជូនគោយន្តកន្ត្រៃ១គ្រឿង រួចនាំមកសួនាំនៅអធិការដ្ឋាននគរបាលស្រុកស្វាយចេក ។
តាមចម្លើយសារភាពរបស់ឈ្មោះ តេង តុញ ថាខ្លួនបានដឹកពលករឲ្យទៅឈ្មោះពឺន ពេត ជាមេខ្សល់លួចនាំឆ្លងដែនទៅប្រទេសថៃចំនួន១០លើកមកហើយដែលមានពលករសរុបចំនួន១៣៤នាក់ ហើយដឹកក្នុង១លើក ឈ្មោះពឺន ពេត ឲ្យតម្លៃ១លើក ពី៥០០បាតទៅ១,០០០បាត តាមមនុស្សតិចឬច្រើន ហើយលើកទី១០នេះ ខ្លួនដឹកពលករចំនួន១៦នាក់ កុមារម្នាក់តម្លៃ១,០០០បាត ចំណែកពលករម្នាក់ត្រូវឈ្មោះពឺន ពេត មេខ្សល់នោះយកតម្លៃ៤,០០០បាតទៅដល់ដីថៃ ៕