រាជធានីភ្នំពេញ ៖ យោងតាមហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នែព្រះរាជាណាចក្រកម្ពុជាបានបង្ហោះថា ៖ អរគុណបងប្អូនជនរួមជាតិដែលបានធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាលក្នុងការទប់ស្កាត់ជំងឺឆ្លងរាតត្បាតកូវីដ-១៩ និងអរគុណចំពោះការយោគយល់របស់បងប្អូនក្នុងពេលដែលប្រទេសជាតិយើងកំពុងស្ថិតក្នុងស្ថានភាពប្រុងប្រយ័ត្នខ្ពស់។
ដោយសារពេលនេះជំងឺកូវីដ-១៩ កំពុងវាយលុកក្នុងសហគម សូមបងប្អូនកុំចេញក្រៅផ្ទះប្រសិនបើគ្មានការចាំបាច់។ ត្រូវតែពាក់ម៉ាសដាច់ខាត និងត្រូវឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ, ចិល, ឬទឹកអាកុល។ ប្រសិនបើចាំបាច់ត្រូវជួបមនុស្សនៅខាងក្រៅ ត្រូវរក្សាគម្លាតអោយឆ្ងាយពីគ្នាយ៉ាងហោចណាស់ ១ម៉ែត្រកន្លះ។
ចំពោះអ្នកធ្វើចត្តាឡីស័កគឺត្រូវធ្វើអោយបានត្រឹមត្រូវហ្មត់ចត់បំផុតតាមការណែនាំរបស់ក្រសួងសុខាភិបាល។
សូមជូនពរបងប្អូនជនរួមជាតិចៀសផុតពីជំងឺឆ្លងកូវីដ-១៩ ហើយសូមបន្តអនុវត្តន៍តាមវិធានការ ៣ការពារ និង ៣កុំ អោយបានត្រឹមត្រូវខ្ជាប់ខ្ជួន៕