ខេត្តបន្ទាយមានជ័យ ៖ លោកវេជ្ជបណ្ឌិត អ៊ាវ តារាវុធ ប្រធានមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណប្រាប់កាលពីថ្ងៃ ទី ២៦ ខែមីនា ២០២១ ថា ៖ ក្រុមគ្រូពេទ្យ ពិសេសពេទ្យឆ្មបបានធ្វើសកម្មភាពសង្គ្រោះស្ត្រីជាពលករខ្មែរ ដែលទើបត្រឡប់មកពីប្រទេសថៃ ហើយឈឺពោះសម្រាលកូនភ្លាមៗ បន្ទាប់ពីបញ្ជូនមកផ្នែកសម្ភពនៃមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណ ។ លោកវេជ្ជបណ្ឌិតបានបន្តថា៖” ឥឡូវទាំងម្តាយទាំងកូនបានសុខសប្បាយ ។ សូមអរគុណក្រុមការងារទាំងអស់ជាពិសេសអ្នកគ្រូពេទ្យផ្នែកសម្ភព ដែលយកចិត្តទុកដាក់។ ពួកយើងមិនមែនជីវិតអមតៈទេ ក៍ភយ័ខ្លាចជំងឺ(កូវីត ១៩) ដ៍កាចសាហាវនេះដែរ ។យើងក៍មានក្រុមគ្រួសារប្រពន្ធកូនដូចគ្នា សូមអនុវត្តវិធានការសុខាភិបាល ៣ការពារ ៣កុំ អោយបានគ្រប់គ្នា ” ។ក្រុមគ្រូពេទ្យពេទ្យឆ្មបក្នុងឯកសណ្ឋានគ្រូពេទ្យបំពេញការងារក្នុងបេសកកម្មប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីត១៩បានផ្តល់សេវាសុខាភិបាលមានប្រសិទ្ធភាពមួយដល់ស្ត្រីមាតានិងទារកដែលទើបសម្រាលនេះ ។
យោងអ្នកគ្រូពេទ្យផ្នែកសម្ភពនៃមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណបានអោយដឹងថា ៖ ប្រតិបត្តិការសង្គ្រោះ សម្រាលដោយជោគជ័យនោះបានធ្វើកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១មកម្ល៉េះ ប៉ុន្តែព័ត៌មាននេះទើបតែអាចប្រាប់បាននាពេលនេះ ។ប្រភពបានបន្តថា ៖ ស្ត្រីវ័យក្មេងជាម្តាយដែលសម្រាលកូនលើកដំបូងនោះមានឈ្មោះ ម៉ៅ ស្រីប៉ុច អាយុ១៨ឆ្នាំ ទីលំនៅភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ស្ត្រីពលករនេះទើបបានវិលត្រឡប់ពីប្រទេសថៃកាលពីថ្ងៃទី២៣ ខែមីនា ហើយទទួលការត្រួតពិនិត្យ ផ្តល់សំណាករកមេរោគកូវីត ១៩ និងធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កកម្រឹត២ សាលាសុខាភិបាលនៃសាកលវិទ្យាល័យមានជ័យក្រុងសិរីសោភ័ណ ហើយបានបញ្ជូនមកសម្រាលកូននៅមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណ ។ពេទ្យផ្នែកសម្ភពបានបន្តថា ៖ ដោយសារស្ត្រីនេះមានស្ថានភាពនិងសមាសភាពដូចខាងលើ ទើបគ្រូពេទ្យត្រូវដាក់នាងអោយនៅបន្ទប់ដាច់ឡែកនៃកូវិត១៩ ។ ហើយពេទ្យផ្តល់សេវាក័៏ត្រូវមានឯកសណ្ឋាន និងលក្ខណៈសម្បត្តិពិសេសដែរ ។
សូមបញ្ជាក់ថា តាំងពីដើមគ្រានាចុងឆ្នាំ២០២០ មក ក្នុងចំណោមពលករខ្មែរវិលត្រឡប់ពីប្រទេសថៃដែលត្រូវធ្វើចត្តាឡីស័កបង្ការជម្ងឺកូវីត ១៩ នៅមណ្ឌលនានាក្នុងខេត្តបន្ទាយមានជ័យ មានស្ត្រីត្រូវសម្រាលកូនជិត១០នាក់ដែរ ។ពួកគេសុទ្ធតែបានជោគជ័យ ហើយលើកនេះ ក្រុមពេទ្យឆ្មបនៅមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានជួយសម្រាលកូនដោយជោគជ័យដល់ស្ត្រីពលករខ្មែរម្នាក់ដែលបាននឹងកំពុងធ្វើចត្តាឡីស័កផង ៕