ខេត្តបន្ទាយមានជ័យ ៖ តាមសេចក្តីរាយការណ៍ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង០៩:០៥ នាទី កម្លាំងប៉ុស្តិ៍បឹសាគូចំនួន០៣នាក់ ដឹកនាំដោយលោកវរសេនីយ៍ត្រី រស់ ពិសិដ្ឋ នាយប៉ុស្តិ៍ បានធ្វើការសហការជាមួយកម្លាំងចំរុះ មានកម្លាំងកងរាជអាវុធហត្ថ និងកម្លាំងយោធា ដេញតាមមុខសញ្ញាឡានដឹកមនុស្សលួចឆ្លងដែនខុសច្បាប់ នៅចំណុចស្តារហ្គោល ភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
តាមប្រភពពីសមត្ថកិច្ច បានប្រាប់ថា ជនសង្ស័យដែលបានឃាត់ខ្លួនរួមមាន ៖
១ ឈ្មោះ យឹម នៅ ភេទប្រុស អាយុប្រហែល47ឆ្នាំ (ក្រុមប្រឹក្សាសង្កាត់ប៉ោយប៉ែត)
រស់នៅភូមិសាមគ្គីមានជ័យ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (ជាអ្នកដឹកមនុស្ស)
២ ឈ្មោះ ចាន់ ណារ៉ុង ភេទប្រុស អាយុ40ឆ្នាំ បុគ្គលិកកាស៊ីណូ (ម្ចាស់ផ្ទះ)
រស់នៅភូមិសាមគ្គីមានជ័យ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
៣ ៖ ឈ្មោះ ដែង ជុំ ភេទប្រុស អាយុ46ឆ្នាំ បុគ្គលិកកាស៊ីណូស្នាក់នៅភូមិក្បាលស្ពាន1 សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ប្រភពបន្តថា ឈ្មោះ យឹម នៅ បានធ្វើសកម្មភាពបើកបររថយន្តម៉ាកCamry ពណ៌ស ស្លាកលេខ ព្រះសីហនុ2A-1354 ដឹកមនុស្សចំនួន05នាក់ ស្រី01នាក់ សង្ស័យជនជាតិថៃ លួចឆ្លងដែនទៅប្រទេសថៃ ហើយអ្នកទាំង05នាក់ បានរត់ចូលទឹកដីថៃបាត់ បន្សល់ទុកនៅ វាលីដាក់ខោអាវ ចំនួន02 និង ឆ្នាំងអ៊ុត ខោអាវ ចំនួន01 ។
ជនសង្ស័យទាំង03នាក់ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតនាំខ្លួនទៅបញ្ជារការដ្ឋានក្រុង ដើម្បីសួរនាំ ។
ក្នុងនោះផងដែរនៅវេលាម៉ោង១២:២៧នាទី នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១នេះ លោក នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានប្រាប់សារព័ត៌មានយើងឲ្យដឹងថា កម្លាំងរបស់លោកពិតជាបានសហការគ្នា ជាមួយអង្គភាពផ្សេងទៀត បានធ្វើការឃាត់ខ្លួនជនសង្ស័យបាន០៣នាក់ នាំមនុស្សឆ្លងដែនខុសច្បាប់ពិតប្រាកដមែន។ ដោយឡែកមនុស្សទាំងនោះ (សង្ស័យជាជនជាតិថៃ)ឃាត់ខ្លួនមិនបាន នោះទេ ដោយតំបន់នោះនៅក្បែព្រំដែនថៃពេក។ រីឯជនសង្ស័យទាំង០៣នាក់ដែលឃាត់ខ្លួនបាននោះ លោក នួន នីណារ៉ូ បានបន្តថា បន្ទាប់ពីសួរនាំចប់ និង បញ្ជួនទៅថ្នាក់លើដើម្បីចាត់ការបន្ត៕