រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៣០ ខែមិនា ឆ្នាំ២០២១នេះ សមត្ថកិច្ចបាន បញ្ជូនជនជាតិចិន និងវៀតណាម ប្រុស ស្រីចំនួន ១៤ នាក់ ដែលបានក្លែងបន្លំជាគ្រូពេទ្យចុះយកសំណាក ត្រូវបានបញ្ជូនទៅតុលាការ ខណដែលហេតុការណ៍នៃការក្លែងបន្លំ និងជំរិតទាប្រាក់នោះបានកើតឡើងកាលពីម៉ោង ៦ ល្ងាចថ្ងៃទី ២០ ខែមីនា។
សូមបញ្ជាក់ថា នៅថ្ងៃកើតហេតុ ជនសង្ស័យមានគ្នា ១៤ នាក់ បានធ្វើសកម្មភាពចូលចាប់បុរសជនរងគ្រោះ ឈ្មោះ HUANG WENG XUAN ជនជាតិចិន នៅក្នុងសណ្ធាគារ ដឺព្រីនស៍ ស្ថិតនៅផ្លូវលេខ៧៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយប្រើល្បិចថា នាំយកទៅធ្វើចត្តាទ្បីស័ក ហើយជនសង្ស័យបាននាំជនរងគ្រោះទៅបង្ខាំងទុកនៅសណ្ធាគារ SKAYLINE ស្ថិតនៅ ផ្លូវ១៣៤ ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ដោយជំរិតទារប្រាក់ចំនួន៣ម៉ឺនដុល្លារអាមេរិក ជាថ្នូរនិងការដោះលែង។រហូតដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ ទើបក្រុមជនសង្ស័យបានដោះលែងជនរងគ្រោះ ក្រោយពីជំរិតទារប្រាក់បានសម្រេច។
ប៉ុន្តែជនរងគ្រោះ ក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចជំនាញអំពីដំណើររឿង នៃការបន្លំ និងចាប់ជំរិតនោះ ហើយសមត្ថកិច្ចក៏បានធ្វើការស្រាវជ្រាវ ស៊ើបអង្កេត រហូតកំណត់អត្តសញ្ញាណ ទើបកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យចំនួន១៤នាក់ ក្នុងនោះមានជនជាតិចិន៧នាក់ និងជនជាតិវៀតណាម៧នាក់ នៅចំណុចសណ្ឋាគារ ប៉ូស៊ីកាណូប៊ូទិក ផ្លូវ១៤៤ សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕