អន្តរជាតិ ៖ ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់ដែលបង្កឡើងដោយព្យុះត្រូពិកស៊ីក្លូន Seroja នៅក្នុងប្រទេសឥណ្ឌូណេស៊ី និងទីម័រខាងកើត បានកើនដល់១៥៧នាក់ហើយ និងជាច្រើននាក់ទៀតបន្តបាត់ខ្លួននៅឡើយ។ នេះបើយោងតាមប្រភពពីសារព័ត៌មាន CNA ។
គ្រោះទឹកជំនន់ និងរអិលបាក់ដី ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ បានបំផ្លិចបំផ្លាញកោះជាច្រើន លាតសន្ធឹងពីកោះ Flores នៃប្រទេសឥណ្ឌូណេស៊ី រហូតដល់ប្រទេសទីម័រខាងកើត ជាទីដែលផ្ទះសម្បែងរាប់ពាន់ខ្នងត្រូវបានជន់លិច និងបង្ខំឱ្យមនុស្សរាប់ពាន់នាក់ភៀសខ្លួន ចេញពីផ្ទះសម្បែងរបស់ពួកគេ។
ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយរបស់ប្រទេសឥណ្ឌូនេស៊ីបាននិយាយថាខ្លួនបានកត់សំគាល់ថាមានអ្នកស្លាប់ចំនួន១៣០ នាក់ ចំណែកប្រទេសជិតខាងទីម័រមានមនុស្ស២៧ នាក់ស្លាប់ ។
ក្រុមស្វែងរកនិងជួយសង្គ្រោះក្នុងប្រទេសឥណ្ឌូនេស៊ីកំពុងតែស្វែងរកមនុស្សជាង ៧០ នាក់ដែលកំពុងបាត់ខ្លួន ខណៈមនុស្សច្រើនជាង ១០,០០០នាក់កំពុងស្នាក់ក្នុងជំរំស្នាក់នៅបណ្ដោះអាសន្ន៕