ខេត្តកំពង់ឆ្នាំង ៖ ក្រុមសមត្ថកិច្ចចម្រុះនៅល្ងាចថ្ងៃទី៥ ខែមេ សា បានឲ្យដឹងថា បុរសឈ្មោះ ពិន ប៉ូ ជាអ្នកបើកម៉ូតូកង់៣ម្នាក់ រស់នៅភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ដែលពាក់ព័ន្ធនឹងបុរសមានវិជ្ជមានកូវី១៩ ឈ្មោះ សោម ឡូ នៅភូមិសង្កាត់ជាមួយគ្នា ដោយមានការណែនាំអប់រំ ពីអាជ្ញាធរមូលដ្ឋាន និងការព្រមានពីសមត្ថកិច្ច អំពីផ្លូវច្បាប់ ទើបគាត់និងប្រពន្ធបានយល់ព្រមឡើងរថយន្តរបស់ក្រុមគ្រូពេទ្យជួរមុខទៅធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ករបស់ខេត្តហើយ ។
ដោយឡែកពួកកូនរបស់គាត់២នាក់ទៀត ត្រូវបានអាជ្ញាធរ និងសមត្ថកិច្ចអនុញ្ញាតឲ្យធ្វើចត្តាឡីស័កនៅក្នុងផ្ទះ ដោយមានសមត្ថកិច្ចមូលដ្ឋាន ប្រចាំការការពារយ៉ាងម៉ឺងម៉ាត់ផងដែរ ។
សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា កាលពីព្រឹកថ្ងៃទី៥ ខែមេសា ក្រុមសមត្ថកិច្ចចម្រុះ ដែលមានក្រុមគ្រូពេទ្យជួរមុខ អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចមូលដ្ឋាន បាននាំគ្នាចុះមកយកបុរសខាងលើទៅធ្វើចត្តាឡីស័ក តាមវិធានការរបស់ក្រសួងសុខាភិបាល បន្ទាប់ពីបានដឹងថាបុរសជាអ្នករត់ម៉ូតូកង់៣ខាងលើ មានការពាក់ព័ន្ធដោយផ្ទាល់ជាមួយនឹងបុរសដែលមានវិជ្ជមានកូវីដ-១៩ ឈ្មោះសោម ឡូ កាលពីថ្ងៃទី៣០ ខែមេសា។ ប៉ុន្តែកូនស្រីរបស់បុរសខាងលើ បានធ្វើការតវ៉ាយ៉ាងខ្លាំងជាមួយក្រុមការងារចម្រុះ ដោយមិនអនុញ្ញាតឲ្យក្រុមចម្រុះយកឪពុករបស់ខ្លួនទៅធ្វើចត្តាឡីស័កឡើយ ។
ដោយឡែកនៅល្ងាចថ្ងៃទី០៥ ខែមេសា ក្រោយពីអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចមូលដ្ឋាន បានធ្វើការអប់រំណែនាំ និងព្រមានអំពីការអនុវត្តច្បាប់រួចមក ទើបបុរសនិងប្រពន្ធរបស់គាត់ បានយល់ព្រមឡើងរថយន្តជាមួយក្រុមគ្រូពេទ្យ ទៅធ្វើចត្តាឡីស័ក ដោយមិនមានការប្រកែកឡើយ។ ចំណែកកូនស្រីរបស់គាត់ដែលមានការតវ៉ារារាំងកាលពីព្រឹកនោះ មិនបានចេញធ្វើសកម្មភាពតវ៉ារារាំងអ្វីទៀតនោះឡើយ ។
សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងទៀតដែរថា នៅល្ងាចទី៥នេះ ប្រសិនបើកូនកូនរបស់បុរសរត់ម៉ូតូកង់បីខាងលើ នៅតែរារាំងសមត្ថកិច្ចទៀតនោះ សមត្ថកិច្ចនឹងធ្វើការឃាត់ខ្លួនពួកគេពីបទរារាំងសមត្ថកិច្ចក្នុងពេលបំពេញការងារសាធារណៈ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការតាមនីតិវិធី។ ចំណែកឪពុកនិងម្ដាយរបស់គេត្រូវតែនាំយកទៅធ្វើចត្តាឡីស័កឱ្យបានសម្រេចតាមគោលការណ៍របស់ថ្នាក់លើ ឱ្យខាងតែបានផងដែរ៕
បុគ្គលដែលមិនសហការជាមួយមន្រ្តីសុខាភិបាល ដើម្បីយកវត្ថុសំណាកទៅវិភាគរកមេរោគកូវីដ-១៩ ប្រឈមនឹងការពិន័យអន្តរការណ៍ ចាប់ពី ១លានរៀល ដល់៥លានរៀល។ នេះបើតាមលោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ ថ្លែងប្រាប់បណ្តាញព័ត៌មាន នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១នេះ។
បើតាមលោក គឹម សន្តិភាព ការពិន័យអន្តរការណ៍ខាងលើ គឺទណ្ឌកម្មចំពោះ «ការមិនអនុវត្តកាតព្វកិច្ចសហការ ជាមួយមន្ត្រីសុខាភិបាល ដើម្បីយកវត្ថុសំណាក» ដែលមានចែងក្នុងអនុក្រឹត្យលេខ៣៧ ស្តីពី វិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ៕