រាជធានីភ្នំពេញ ៖ នៅវេលាម៉ោង ៩ យប់ ថ្ងៃអង្គារ ទី៦ ខែមេសា ឆ្នាំ២០២១ ត្រង់ចំណុចក្រោមស្ពាន អាកាសផ្សារដីហុយ ទល់មុខធនាគារ ABA តាមបណ្តោយផ្លូវ សហព័ន្ធរុស្ស៊ី ក្នុងភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានករណីផ្ទុះអាវុធ បង្កឲ្យមានការភ្ញាក់ផ្អើលមួយបានកើតឡើង ហើយបណ្តាលឲ្យបុរសម្នាក់ស្លាប់ ។
សមត្ថកិច្ចបានចុះទៅកន្លែងកើតហេតុ និងឃាត់ជនដៃដល់ ដែលជាម្ចាស់អាវុធ យកមកកាន់អធិការដ្ឋាន នគរបាលខណ្ឌសែនសុខ ដើម្បីសួរនាំ ។ ចំណែកឯជនរងគ្រោះ ដែលស្លាប់មិនទាន់ស្គាល់ អត្តសញ្ញាណនោះទេ មានវ័យជាង ២០ ឆ្នាំ ស្លៀកខោជើងវែង ពណ៌ខ្មៅ ដោះអាវ និងកាន់កាំបិតចុងស្រួចមួយ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះខាងលើ មានគ្នា ២ នាក់ បានមកឈ្លោះប្រកែកគ្នា នៅមុខធនាគារ អេប៊ីអេ ក្រោមស្ពានអាកាសផ្សារដីហុយ ពេលកំពុងឈ្លោះប្រកែកគ្នា ក៏មានសន្តិសុខ ដែលយាម នៅទីនោះ ក៏បានដេញកុំឱ្យឈ្នោះគ្នា នៅមុខធនាគារ ក្រោយមក ជនទាំងពីរនាក់នោះ ទៅបាត់ទៅ។
ប៉ុន្តែនៅមួយសន្ទុះក្រោយមក ជនម្នាក់ ក្នុងចំណោម ២ នាក់ ( ជនរងគ្រោះ ) បានត្រឡប់មកវិញ ដោយមានកាន់កាំបិតចុងស្រួច នៅនឹងដៃ បានមកឈ្លោះជាមួយនឹងសន្តិសុខ ខាងលើ ដែលកំពុងយាម ធនាគារម្ដងទៀត ខណៈពេលកំពុងតែឈ្លោះ គ្នា យ៉ាងតឹងសរសៃ ក បុរសដែលកាន់កាំបិតនោះ បានស្ទុះរត់ទៅចាក់ កម្លាំងសន្តិសុខ ដែលយាមធនាគារ ខាងលើ ទើបកម្លាំងសន្តិសុខនោះ បានដកកាំភ្លើង បាញ់ចំនួន ៣ គ្រាប់ បណ្ដាលឱ្យស្លាប់ នៅនឹងកន្លែងកើតហេតុតែម្ដង ៕