ខេត្តឧត្តរមានជ័យ ៖ កាលពីល្ងាចម្សិលមិញ នៅច្រកទ្វារព្រំដែនអន្តរជាតិជាំ ក្នុងស្រុកអន្លង់វែង អាជ្ញាធរថៃ បានបញ្ចូនប្រជាពលរដ្ឋខ្មែរ ចំនួន ៩នាក់ អោយត្រឡប់មកស្រុកកំណើតវិញ បន្ទាប់ពីដោះលែងពីពន្ធនាគារ ពីបទឆ្លងដែនខុសច្បាប់ ចូលកាប់ឈើគ្រញូង ក្នុងទឹកដីថៃ។
សមត្ថកិច្ចនគរបាល ប្រចាំច្រកអន្តរជាតិជាំ បាននិយាយថា ប្រជាពលរដ្ឋខ្មែរ ចំនួន ៩ នាក់ ក្នុងនោះ ស្រី ១ នាក់ ដែលត្រូវបានថៃដោះលែង រួមមានៈ
១. ឈ្មោះ ខេង ចាន់ ភេទស្រី អាយុ ៣៣ ឆ្នាំ រស់នៅភូមិឫស្សីដូច ឃុំកំពង់ស្វាយ ស្រុកកំពង់ធំ ខេត្ដកំពង់ធំ ,
២. ឈ្មោះ សំណាង ចាន់ណូ ភេទប្រុស អាយុ ២២ ឆ្នាំ រស់នៅភូមិពឿក ឃុំពុទ្ធ្រា ស្រុកជីសែន ខេត្តព្រះវិហារ ,
៣. ឈ្មោះ ផា ធី ភេទប្រុស អាយុ ៣០ ឆ្នាំ រស់នៅភូមិប្រាសាទ ឃុំសន្ទុក ស្រុកសន្ទុក ខេត្តកំពង់ធំ ,
៤. ឈ្មោះ គិត ដាវ៉ុត ភេទប្រុស អាយុ ៣០ ឆ្នាំ រស់នៅភូមិអភិវឌ្ឍន៍ ឃុំកំពង់វណ្ណៈ ស្រុកព្រះវិហារ ខេត្តព្រះវិហារ ,
៥. ឈ្មោះ ឃួន ឡាក ភេទប្រុស អាយុ ៤០ ឆ្នាំ ភូមិពឿក ឃុំពុទ្ធ្រា ស្រុកជីសែន ខេត្តព្រះវិហារ,
៦. ឈ្មោះ ទាវ ធាក់ ភេទប្រុស អាយុ ២៨ ឆ្នាំ រស់នៅភូមិមរតក ឃុំមរតក ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ,
៧. ឈ្មោះ កន មាឃ ភេទប្រុស អាយុ ២៧ ឆ្នាំ រស់នៅភូមិរមៀច ឃុំរមៀច ស្រុកឈូក ខេត្តកំពត,
៨.ឈ្មោះ ទិត្យ ឡាញ់ ភេទប្រុស អាយុ ៣០ ឆ្នាំ ភូមិជ័យសែន ឃុំជ័យសែន ស្រុកជ័យសែន ខេត្តព្រះវិហារ,និង
៩.ឈ្មោះ នួន ណាល់ ភេទប្រុស អាយុ ៤២ ឆ្នាំ រស់នៅភូមិជាំក្សាន្ត ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
អ្នកទាំង ៩ នាក់នេះ ត្រូវបានចាប់ខ្លួនពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ កន្លងមកនេះ ពីបទឆ្លងដែនខុសច្បាប់ ចូលកាប់ឈើគ្រញូង
ដោយចូលតាមច្រកអានសេះ ហើយត្រូវបានបញ្ជូនទៅដាក់ពន្ធនាគារ នៅខេត្តអូរប៊ុន ប្រទេសថៃ។
ក្រោយពីទទួលពីភាគីថៃរួចមក គ្រូពេទ្យប្រចាំការច្រកជាំ បានបាញ់អាកុល វាស់កំដៅ រួចបញ្ចូនបន្តទៅធ្វើចត្តាឡីស័ក នៅសាលាបឋមសិក្សា អន្លង់វែង មុនពេលអនុញ្ញាត ឱ្យទៅភូមិដ្ឋានរបស់ខ្លួនវិញ៕