ខេត្តបាត់ដំបង ៖ សាច់មាន់ខូចគុណភាពសរុបចំនួន ៥០០គីឡូក្រាម ត្រូវបានសមត្ថកិច្ចជំនាញបង្ក្រាបនិងដកហូតបាន ខណៈដែលឈ្មួញលួចដឹកតាមរថយន្តនាំចូលពីព្រំដែនប្រទេសថៃមកកាន់ទីផ្សារក្នុងទឹកដីនៃខេត្តបាត់ដំបង ។
លោកវរសេនីយ៍ឯក យី យក់សាន នាយការិយាល័យនគរបា លប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការខេត្តបាត់ដំបងបានបញ្ជាក់ឲ្យដឹងថា ៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង និងដោយមានការសម្របសម្រួលលើនីតិវិធីពីឯកឧត្តម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងនោះ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ កម្លាំងរបស់លោកសហការណ៍ជាមួយសមត្ថកិច្ចស្រុកថ្មគោល បានចុះត្រួតពិនិត្យឆែកឆេរប្រទះឃើញសាច់មាន់ខូចគុណភាពជាច្រើនគីឡូក្រាម។ ភ្លាមៗនោះ កម្លាំងសមត្ថកិច្ចក៏បានឃាត់រថយន្តនេះតែម្តង នៅត្រង់ចំណុចឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង។
បន្ទាប់ពីសមត្ថកិច្ចបានពិនិត្យឃើញមានសាច់មាន់ខូចគុណភាពនៅក្មុងរថយន្ត ភ្លាមនោះស្រាប់តែអ្នកបើកបរបានចុះរត់គេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុកនូវរថយន្តម៉ាកកាម៉ារី ពណ៌ស ១គ្រឿងពាក់ស្លាកលេខ បាត់ដំបង ២A-១៥៤២ ជាមួយនឹងវត្ថុតាងសាច់មាន់ខូចគុណភាពតែប៉ុណ្ណោះ។
ជាមួយនឹងការឃាត់ត្រួតពិនិត្យជាក់ស្តែងនេះដែរ ឃើញថាវត្ថុតាងសាច់មាន់ក្លាសេខូចគុណភាពទាំងអស់នេះសរុបមានចំនួន ៥០០គីឡូក្រាម ហើយនៅរសៀលថ្ងៃដដែលនេះដែរ ដោយបានការអនុញ្ញាតិពីឯកឧត្តម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង នគរបាលជំនាញក៏បានធ្វើការដុតបំផ្លាញចោលតែម្តងជៀសវាងប៉ះពាល់ទៅដល់សុខភាពរបស់ប្រជាពលរដ្ឋដែលទិញយកទៅបរិភោគនោះ៕